រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល រុស្ស៊ី បានចាប់ឃុំឃាំងប្រជាពលរដ្ឋអាមេរិកាំង ចំនួន២នាក់ នោះមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានខ្លាំងៗ ដល់ក្រុងមូស្គូ ត្រូវតែដោះលែងជនទាំងនោះ ជាបន្ទាន់។

សារព័ត៌មាន Cyprus Mail បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ថា លោក អេនតូនី ប្លីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានថ្លែងថា គាត់បានសន្ទនាជាមួយនឹងសមភាគីរុស្ស៊ី លោក ស៊ើហ្គេ ឡាវរ៉ូវ (Sergei Lavrov) ហើយជំរុញឱ្យវិមានក្រឹមឡាំង ទទួលយក«សំណើដ៏សំខាន់» ដែលក្រុងវ៉ាស៊ីនតោន បានដាក់ចេញ ដើម្បីធានាឱ្យមានការដោះលែងជនជាតិអាមេរិក ចំនួន២នាក់ ដែលកំពុងតែជាប់ឃុំ នៅក្នុងប្រទេសរុស្ស៊ី។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ ទៅកាន់សន្និសីទសារព័ត៌មាននៅក្នុងក្រសួងការបរទេសរបស់គាត់ ថា «យើងមានការសន្ទនា ដោយស្មោះត្រង់ និង ដោយផ្ទាល់ ជាមួយសមភាគីរុស្ស៊ី។ ខ្ញុំបានជំរុញឲ្យវិមានក្រឹមឡាំង ទទួលយកសំណើសំខាន់ៗ ដែលយើងបានដាក់ចេញ សម្រាប់ការដោះលែងពលរដ្ឋអាមេរិកាំង ចំនួន២នាក់ រួមមាន លោក ផល វេឡាន (Paul Whelan) និង កញ្ញា ប្រ៊ីតណេ ហ្គ្រីណ័រ ( Brittney Griner) តារាបាល់បោះ ដែលរុស្ស៊ី បានចាប់ឃុំឃាំង កាលពីពេលកន្លងមក។

សហរដ្ឋអាមេរិក បានប្រកាស នៅសប្ដាហ៍នេះ ថា ក្រុងវ៉ាស៊ីនតោន បានផ្តល់សំណើដល់ប្រទេសរុស្ស៊ី កាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីធានាដល់ការដោះលែងតារាបាល់បោះ របស់សមាគមបាល់បោះស្រ្ដីជាតិអាមេរិក ហៅកាត់ WNBA គឺកញ្ញា Brittney Griner និង អតីតទាហានម៉ារីនអាមេរិក Paul Whelan ។ ប៉ុន្តែក្រុងមូស្គូ មិនបានបង្ហាញពីអ្វីដែលខ្លួនកំពុងទាមទារនោះឡើយ។ ដោយឡែក ប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា ក្រុងវ៉ាស៊ីនតោន សុខចិត្តដោះដូរជាមួយនឹងអ្នកជួញដូរអាវុធជនជាតិរុស្ស៊ី លោក វ៉ិកទ័រ ប៊ូត (Viktor Bout) ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ រយៈពេល២៥ឆ្នាំ នៅសហរដ្ឋអាមេរិក ជាថ្នូរនឹងកិច្ចព្រមព្រៀងនេះ។

នៅក្នុងការសន្ទនាជាលើកដំបូង ចាប់តាំងពីការវាយលុករបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ នោះ ប្រមុខការទូតសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ទៅកាន់សមភាគីរុស្ស៊ី លោក Lavrov ថា ពិភពលោករំពឹងថា ប្រទេសរុស្ស៊ី នឹងធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដែលសម្របសម្រួល ដោយប្រទេសតួកគី ដើម្បីបើកផ្លូវដល់ការនាំចេញគ្រាប់ធញ្ញជាតិ និង ជី ក្រោយការរាំងខ្ទប់ ដោយសារសង្គ្រាម។

ដោយឡែក ប្រមុខការទូតរុស្ស៊ី បានបញ្ជាក់ កាលពីព្រឹក ថ្ងៃសុក្រ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយប៊ែគីស្ថាន ថា គាត់នឹងថ្លែងទៅកាន់សមភាគីសហរដ្ឋអាមេរិក ខណៈគាត់វិលត្រឡប់ទៅដល់ការិយាល័យរបស់គាត់វិញ។

បច្ចុប្បន្ន ក្រុមគ្រួសាររបស់អ្នកជាប់ឃុំឃាំង ជនជាតិអាមេរិកាំង ទាំង២នាក់នេះ បាន និងកំពុងបង្កើនសម្ពាធ ទៅលើប្រធានាធិបតី លោក ចូ បៃដិន ជុំវិញករណីម្ចាស់មេដាយមាសអូឡាំពិក២សម័យកាល កញ្ញា Griner ដែលត្រូវបានចាប់ខ្លួន ពីបទគ្រឿងញៀន នៅឯអាកាសយានដ្ឋានទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៧ ខែកុម្ភៈ៕