អេស្ប៉់ាញ៖ នាថ្ងៃទី ៣០ ខែកក្ដដា ឆ្នាំ២០២២ នេះអាជ្ញាធរសុខាភិបាលបានប្រកាសពីករណីថ្មីនៃអ្នកស្លាប់ដោយសារជំងឺអុតស្វា Monkeypox ​ជាលើកដំបូងនៅក្នុងប្រទេស ដែលជារឿងដ៏គួរឱ្យបារម្ភបំផុតសម្រាប់ជំងឺឆ្លងមួយនេះ។

សម្រាប់ប្រទេសអេស្ប៉ាញត្រូវបានគេដឹងថា មានអ្នកឆ្លងជំងឺអុតស្វា រហូតទៅដល់៣,១០៥ករណី ហើយក្នុងថ្ងៃនេះមានសេចក្ដីរាយការណ៍ដែលចេញផ្សាយពីសារព័ត៌មាន The Straits Times បានឱ្យដឹងថា​ ប្រទេសអេស្ប៉ាញមានករណីអ្នកស្លាប់ម្នាក់ជាលើកដំបូង ដោយសារតែជំងឺអុតស្វា។ ក្នុងនោះករណីនៃការស្លាប់នេះជាករណីទី២ហើយសម្រាប់ការឆ្លងជំងឺអុតស្វានៅក្នុងតំបន់អ៊ឺរ៉ុប ដោយមិនបានរាប់បញ្ជូលទាំងអ្នកស្លាប់នៅក្នុងតំបន់អាហ្វ្រិក។

គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ជំងឺអុតស្វាកំពុងតែឆ្លងរីករាលដាលទូទាំងប្រទេសលើពិភពលោកចំនួន៧២ ប្រទេសមកហើយ និងមានចំនួនអ្នកឆ្លង ២២,១៤១នាក់ ក្នុងនោះអង្គការសុខភាពពិភពលោក ក៏បានព្រមានដល់មនុស្សលើពិភពលោកមានការប្រុងប្រយ័ត្ន ជាពិសេសក្រុមបុរសស្រឡាញ់បុរសដូចគ្នា ដែលមានឱកាសឆ្លងខ្ពស់ជាងគេ៕