ឥណ្ឌា៖ កាលពីថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២២នេះមានសេចក្តីរាយការណ៍ពីសារព័ត៌មាន ស៊ីនហួរបានឱ្យដឹងថា មានឧបទ្ទវហេតុមួយបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដោយមានការធ្លាក់យន្តហោះចម្បាំងទាំងយប់ បណ្ដាលឱ្យមានពីឡុតពីរនាក់បានបាត់បង់ជីវិតខណៈកំពុងតែប្រតិបត្តិការក្នុងពេលហ្វឹកហ្វឺន។

អ្នកនាំពាក្យរបស់កងទាប់អាកាសឥណ្ឌាបានឱ្យដឹងថា យន្តហោះដែលបានធ្លាក់នោះជាប្រភេទយន្តហោះចម្បាំង MiG-21 បានធ្លាក់នៅចំណុចស្រុក បាមើ (Barmer) នៃរដ្ឋ រ៉ាចាសថាន់ ប្រទេសឥណ្ឌាកាលពីយប់ថ្ងៃទី ២៨ ខែកក្ដដា ឆ្នាំ២០២២  ដែលបានបើកបរដោយពីឡុតចំនួនពីរនាក់ក្នុងកំឡុងធ្វើបេសកម្មហ្វឹកហាត់ ដោយធ្វើដំណើរពីមូលដ្ឋានទ័ពអាកាស យូតាឡៃ (Utarlai) ក្នុងរដ្ឋ រ៉ាចាសថាន់នេះផ្ទាល់។

ប្រភពដដែលបានឱ្យដឹងថា ខណៈអាកាសយានិកទាំងពីរបានធ្វើដំណើតហ្វឹកហ្វឺនស្រាប់តែជួបឧបទ្ទវហេតុធ្លាក់យន្តហោះចម្បាំង MiG-21 ដែលបណ្ដាលឱ្យអ្នកទាំងពីរបានបាត់បង់ជីវិតភ្លាមៗ។

ក្នុងនោះក្រុមអ្នកស៊ើបអង្កេតកុំពុងតែធ្វើការស្រាវជ្រាវ និងស្វែងរកនូវមូលហេតុពិតនៅពីក្រោយនៃការធ្លាក់យន្តហោះចម្បាំងមួយនេះបន្ត៕ ប្រភព៖ ​risingbd