រដ្ឋធានីណៃពិដោរ៖ ក្រោយពេល របបយោធាមីយ៉ាន់ម៉ា បានកាត់ទោសប្រហារជីវិតសកម្មជននយោបាយ ដោយមានទាំងអតីតតំណាងរាស្រ្ដម្នាក់ផង កំពុងតែធ្វើឲ្យអង្គការសង្គមស៊ីវិល ជាច្រើន នៅក្នុងប្រទេសអាស៊ានមួយនេះ អំពាវនាវដល់ពិភពលោក ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ នៅពេលនេះ ព្រោះរបបសឹក បន្ដព្យួរ.កអ្នកទោសនយោបាយជាច្រើននាក់ បន្ថែមទៀត។

សារព័ត៌មានភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ថា នេះជាការព្រមាន ជាបន្ទាន់របស់យើង ទៅកាន់ពិភពលោក ព្រោះរបបដ៏ព្រៃផ្សៃ នៅមីយ៉ាន់ម៉ាកំពុងតែរៀបចំគម្រោង ប្រហារជីវិតអ្នកទោសនយោបាយជាច្រើននាក់ បន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និង សប្តាហ៍ខាងមុខនេះ។ សម្រាប់អ្នកមានចិត្តអាណិតអាសូរ និង ចង់ឃើញយុត្តិធម៌ នៅក្នុងប្រទេសអាស៊ានមួយនេះ ឥឡូវនេះ មិនមែនជាពេលវេលា ត្រូវពន្យារនោះឡើយ។

ក្រោយពេលរបបយោធាមីយ៉ាន់ម៉ា បានកាត់ប្រហារជីវិត លើសកម្មជនលទ្ធិប្រជាធិបតេយ្យលេចធ្លោ ចំនួន៤នាក់ ដោយក្នុងនោះមានទាំងអតីតតំណាងរាស្រ្ដម្នាក់ មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីពេលថ្មីៗនេះរួចមក ប៉ុន្ដែនៅពេលនេះ ជោគវាសនារបស់អ្នកទោសនយោបាយ ចំនួន៧៦នាក់ផ្សេងទៀត ដែលនៅសល់ នៅក្នុងបញ្ជីមរណៈនោះ កំពុងតែស្ថិតក្នុងការព្រួយបារម្ភយ៉ាងខ្លាំង ពីប្រជាជនមីយ៉ាន់ម៉ា។

កាលពីចុងសប្ដាហ៍មុន របបសឹកមីយ៉ាន់ម៉ា បានព្យួរ.កអ្នកទោសនយោបាយ ចំនួន៤នាក់ រួមមាន លោក កូ ជីមមី (Ko Jimmy), លោក កូ ប្យ៉ូ ហ្សែយ៉ា សាវ (Ko Phyo Zeya Thaw), លោក កូ ហ្លា មីយ៉ូ អ៊ោង (Ko Hla Myo Aung) និង លោក កូ អ៊ោង ធូរ៉ា ហ្សាវ (Ko Aung Thura Zaw)។ ប៉ុន្ដែនៅពេលនេះ មានរបាយការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងតែលេចឡើងថា អ្នកទោសនយោបាយ ដែលត្រូវកាត់ទោសប្រហារជីវិត នៅក្នុងពន្ធនាគារអ៊ីសេន (Insein) ទីក្រុងយ៉ាំងហ្គោន នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ពីអ្នកទោសផ្សេងៗទៀត។

របាយការណ៍ដដែល បានបន្ថែមថា អ្នកទោសនយោបាយ ចំនួន៤១នាក់ នៅក្នុងចំណោមអ្នកជាប់ឃុំ ចំនួន៧៦នាក់ នឹងត្រូវកាត់ទោសប្រហារជីវិត នៅពន្ធនាគារ Insein។ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ មានមនុស្ស ចំនួន១១៨នាក់ នឹងត្រូវរបបសឹកមីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងងសកម្មភាពរបស់ពួកគេ ប្រឆាំងនឹងអំពីរដ្ឋប្រហារ និង របបគ្រប់គ្រងយោធា។ ចំណែកអ្នកនយោបាយ ចំនួន៤២នាក់នេះ នឹងត្រូវកាត់ទោសកំបាំងមុខ។

សមាគមជំនួយការអ្នកទោសនយោបាយ ហៅកាត់ AAPP បានបញ្ជាក់ កាលពីថ្ងៃពុធ ថា សកម្មជន ដែលនៅសេសសល់ ហើយត្រូវរបបសឹកមីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិត ទាំង៧៦នាក់នោះ រួមមាន និស្សិត មកពីសាកលវិទ្យាល័យនានា និង សាស្រ្ដាចារ្យក្មេងៗ ហើយក្នុងនោះមានស្រ្ដី ចំនួន៨នាក់ផងដែរ។ ពួកគេទាំងនេះ ត្រូវប្រឈមមុខនឹងជោគវាសនា ដូចសកម្មជននយោបាយ ចំនួន៤នាក់ ដែលត្រូវបានព្យួរ.ក កាលពីចុងសប្ដាហ៍មុន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhixGonAfzXXN2t-4avW0r2IUUn_YXa-yg_aSXJhZ46rLrB9VqMzhTaTktiqdRdK5RTg7s6tqGkCvA4zp_lNCDpGbdU1lB4lKcCC49lU4QA315nr3efJh7hcdf3wKBjmuj1GsXfW-BQNbBcLEtHJXdiq4GJpTS-5IjoP0d_9PSQEUWj5rScnNVaHv2Q/s1280/photo_2022-07-29_15-06-33.jpg