ប្រទេសថៃ៖ មានសេចក្តីរាយការណ៍មួយបានឱ្យដឹងថាប្រទេសថៃបានហាមឃាត់នូវតំបន់កោះមួយកន្លែងដែលជាទីតាំង និងជាកម្មសិទ្ធគ្រប់គ្រោងដោយកងទាប់ជើងទឹករបស់ថៃ បានធ្វើការហាមឃាត់ភ្ញៀវពីការស្លៀកពាក់មិនសមរម្យ ជាពិសេសឈុត ប៊ីគីនី ដើម្បីរក្សានូវវប្បធម៌ របៀបរៀបរយ និងប្រពៃណីជាតិថៃផងដែរ។

ទាក់ទងនឹងការហាមឃាត់នេះផងដែរ លោកឧត្តមសេនីយ៍ឯក Karnakorn Monhatpalin អ្នកនាំពាក្យនៃកងនាវាចរថៃ បានលាតត្រដាងនៅក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គមក្នុងគេហទំព័រ Quotidien de Thaïlande ដែលជាគេហទំព័រនិយាយពីប្រទេសថៃទាក់ទងអំពីការប្រកាសហាមស្លៀកឈុតប៊ីគីនីលើឆ្នេរខ្សាច់នៃកោះ សែម សាន (Samae San)របស់ថៃ  ព្រមទាំងបានបង្ហាញពីស្លាកសញ្ញានៅតាមឆ្នេរ ពីការដាក់រូ​បភាពការហាមឃាត់ស្លៀកពាក់មិនសមរម្យដែលផ្ដោតទៅលើកោះ សែម សាន (Samae San)នេះផ្ទាល់។ ក្នុងនោះលោកក៏បានបញ្ជាក់ផងដែរថាមានជនបរទេសខ្លះនៅ តែមិនយល់ពីតំបន់យោធា ​ហើយមិនយល់ពីវប្បធម៌ នៅតែចោទជាសំនួរថាហេតុអ្វីខ្ញុំមិនអាចស្លៀកប៊ីគីនីនៅទីនេះបាន?

ដោយលោកបានពន្យល់ថាកោះ សែម សាន (Samae San)នេះវាជាតំបន់ដែលគ្រប់គ្រងដោយកងទ័ពជើងទឹក និងជាទីតាំងចង់រក្សានូវសម្បត្តិធម្មជាតិ របៀបរៀបរយ និងប្រពៃណីថៃ មិនតែប៉ុណ្ណោះអ្នកទេសចរមិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរហូតដល់យប់នៅលើកោះនោះទេ ដូច្នេះ កងទ័ពជើងទឹកសុំកិច្ចសហការពីភ្ញៀវទេសចរណ៍ស្លៀកពាក់ឱ្យបានសមរម្យ ហាមស្លៀកឈុតប៊ីគីនី ព្រោះវាជាវប្បធម៌ និង ប្រពៃណីរបស់ថៃ ក៏ដូចជាការគាំទ្រដល់ទេសចរណ៍អភិរក្សនៃកងទ័ពជើងទឹកថៃផងដែរ៕ ប្រភព៖ Khaosod