រដ្ឋធានីគៀវ៖ ក្រោយពេលក្រុងគៀវទទួលបានគ្រឿងសឹកទំនើបៗ ផ្គត់ផ្គង់ ដោយលោកខាងលិច ជាបណ្ដើរៗនោះមក កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន បាន និង កំពុងតែចាប់ផ្ដើម វាយសង្គ្រប់យ៉ាងខ្លាំង ទៅលើកម្លាំងទាហានរុស្ស៊ី នៅភាគខាងត្បូង ប្រទេស ដើម្បីរំដោះទឹកដីរបស់ពួកគេ យកមកគ្រប់គ្រងវិញ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ថា បើតាមប្រភពព័ត៌មានយោធារបស់បស្ចិមលោក បានអះអាងថា កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែវាយរំដោះតំបន់ឃើរសុន (Kherson) ដែលកម្លាំងរុស្ស៊ី បានចូលទៅកាន់កាប់ ដើម្បីយកមកគ្រប់គ្រងវិញ។ ដោយឡែក ស្ពានដ៏សំខាន់មួយ តភ្ជាប់ទៅកាន់ទីក្រុង Kherson ឥឡូវនេះ មិនអាចដំណើរការបន្ដទៀតបានឡើយ ដោយសារតែកងទ័ពអ៊ុយក្រែន បានវាយប្រហារ ដោយគ្រាប់រ៉ុក្កែត បាញ់ចម្ងាយឆ្ងាយ ពីកាំភ្លើងផ្លោងដ៏ទំនើប HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។

មន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានអះអាងថា បច្ចុប្បន្ន ទីក្រុងឃើរសុន បានកាត់ផ្ដាច់ចេញ ពីតំបន់ជាច្រើនផ្សេងទៀត ដែលកាន់កាប់ ដោយកម្លាំងទាហានរុស្ស៊ី។

ទោះជាយ៉ាងណា មន្រ្ដីជាន់ខ្ពស់អ៊ុយក្រែន បានព្រមានថា ឥឡូវនេះ រុស្ស៊ី កំពុងតែផ្លាស់ប្តូរយុទ្ធសាស្រ្ដរបស់ពួកគេ ដោយបានបង្កើនកម្លាំងការពារបន្ថែម នៅក្នុងតំបន់ភាគខាងត្បូង ប្រទេស។ ចំណែកតំបន់ភាគខាងលិច ទន្លេឌីនីប្រូ (Dnipro) ជាទីតាំងយុទ្ធសាស្រ្ដ ជាទីក្រុងដំបូង ក្លាយជាសមរភូមិ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានក្រុងមូស្គូ។

បើតាមប្រភពយោធារបស់លោកខាងលិច បានអះអាងទៀតថា កងទ័ពអ៊ុយក្រែន បានបាញ់ផ្ដាច់ស្ពានអានតូនីវស្គីយ (Antonivskiy) របស់ទីក្រុង Kherson កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា ដោយប្រើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ទំនើប HIMARS ។ បច្ចុប្បន្ន ស្ពាននេះ មិនអាចប្រើប្រាស់បាននោះឡើយ»៕