រដ្ឋធានីប៉េកាំង៖ ស្របពេលកងទ័ពសហរដ្ឋអាមរិក កំពុងតែរៀបចំសេណារីយ៉ូ ទប់ទល់នឹងការវាយប្រហារទៅលើយន្ដហោះដឹកប្រធានសភា លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់តៃវ៉ាន់ នាពេលខាងមុខនោះ ប្រធានាធិបតីចិន បានព្រមានខ្លាំងៗដល់សមភាគីសហរដ្ឋអាមេរិក កុំឲ្យប្រលែងលេងជាមួយនឹងភ្លើង ជុំវិញបញ្ហាកោះគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យមួយនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ថា នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ អស់រយៈពេលជាង២ម៉ោងនោះ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានព្រមានដល់សមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កុំឲ្យលេងជាមួយនឹងភ្លើង ជុំវិញរឿងកោះតៃវ៉ាន់។ ការព្រមាននេះ បានកើតឡើង ស្របពេលមេដឹកនាំ នៃប្រទេសមហាអំណាចទាំង២ បានសន្ទនាគ្នាតាមទូរស័ព្ទ ជាលើកទី៥ នៅក្នុងការដោះស្រាយភាពតានតឹង ទាំងបញ្ហាសេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយ។

បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍ថា លោក ស៊ី ជិនពីង បានប្រាប់ដល់សមភាគី លោក ចូ បៃដិន ថា សហរដ្ឋអាមេរិក គួរតែគោរព តាមគោលការចិនតែមួយ។ ប្រមុខរដ្ឋចិន បានសង្កត់ធ្ងន់ថា ក្រុងប៉េកាំង បានប្រឆាំងដាច់ខាត ចំពោះការប្រកាស អំពីឯករាជភាពរបស់តៃវ៉ាន់ និង ការជ្រៀតជ្រែកណាមួយ មកពីកម្លាំងខាងក្រៅ។ បណ្ដាផ្សព្វផ្សាយចិន បានដកស្រង់សម្ដីរបស់ប្រធានាធិបតីចិន ប្រាប់ទៅសមភាគីសហរដ្ឋអាមេរិក ថា «យើងសង្ឃឹមថា សហរដ្ឋអាមេរិក អាចយល់ច្បាស់ អំពីបញ្ហានេះ បើអ្នកលេងជាមួយនឹងភ្លើង វានឹងរលាក ឬចេះអ្នកជាមិនខាន»។

ដោយឡែក សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក វិញ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា លោក ចូ បៃដិន បានប្រាប់ដល់សមភាគីចិន លោក ស៊ី ជិនពីង ថា គោលនយោបាយរបស់សហរដ្ឋអាមេរិក មិនមានការផ្លាស់ប្ដូរនោះឡើយ។ ប៉ុន្ដែក្រុងវ៉ាស៊ីនតោន ក៏បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយ ជាឯកតោភាគី នៅក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬការធ្វើឱ្យខូចដល់សណ្ដាប់ធ្នាប់សន្តិភាព និង ស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់» ដែលជាផ្នែកមួយ នៃទឹកបំបែកកោះនេះ ចេញពីប្រទេសចិនដីគោក។

ការសន្ទនាគ្នាតាមទូរស័ព្ទរបស់មេដឹកនាំ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ និង លេខ២របស់ពិភលោក កាលពីថ្ងៃព្រហស្បតិ៍ អស់រយៈពេលជាង២ម៉ោងនេះ បានកើតឡើង ខណៈលោក ចូ បៃដិន មានគោលបំណងស្វែងរកវិធីសាស្រ្ដថ្មី សម្រាប់ធ្វើការជាមួយនឹងប្រទេសចិន ចំពេលមានការកើនឡើង នៃការប្រកួតប្រជែងជាសកល និង ភាពតានតឹង រវាងមហាអំណាចទាំង២ ជុំវិញបញ្ហាសិទ្ធិមនុស្ស សុខភាពពិភពលោក និង គោលនយោបាយសេដ្ឋកិច្ច នៅក្នុងចំណោមបញ្ហាជាច្រើនផ្សេងៗទៀត។

នៅមុនជំនួបតាមទូរស័ព្ទ រវាងមេដឹកនាំមហាអំណាចទាំង២នេះ ក្រុងប៉េកាំង កាលពីពេលថ្មីៗ បានចេញនូវការព្រមានខ្លាំងៗ អំពីផលវិបាកនានា ជុំវិញដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ ដោយចាត់ទុកជាសកម្មភាពបង្កហេតុ។ ដោយឡែក ដែនកោះ គ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ បានទទួលការគាំទ្រផ្នែកការពារក្រៅផ្លូវការ ពីសហរដ្ឋអាមេរិក។ ប៉ុន្តែក្រុងប៉េកាំង តែងតែចាត់ទុកដែនកោះមួយនេះ ជាអាណាខេត្តមួយរបស់ខ្លួន មិនអាចកាត់ផ្ដាច់ ចេញពីប្រទេសចិន បាន។ លើសពីនេះទៅទៀត ប្រទេសមហាយក្ស នៅអាស៊ីមួយនេះ តែងតែគំរាមកំហែងជាញឹកញាប់ អំពីការប្រើប្រាស់កម្លាំងទ័ព វាយលុកទៅលើដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជភាព កាត់ផ្ដាច់ចេញពីការគ្រប់គ្រងរបស់ចិន។

លោក ហ្សាវ លីជៀន (Zhao Lijian) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីដើមសប្ដាហ៍នេះ ថា «ប្រសិនបើសហរដ្ឋអាមេរិក នៅតែទទូចដើរតាមផ្លូវរបស់ខ្លួន ហើយប្រជែង នៅលើបន្ទាត់ក្រហមរបស់ចិន នោះ ក្រុងប៉េកាំង ប្រាកដជានឹងឆ្លើយតប ដោយបង្ខំចិត្ត។ ជាមួយគ្នានេះដែរ ផលវិបាកជាបន្តបន្ទាប់ នឹងត្រូវកើតឡើងដោយសារតែកុ្រងវ៉ាស៊ីនតោន»។

លោកស្រី Pelosi នឹងក្លាយជាមន្ត្រីជាប់ឆ្នោតលំដាប់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ចាប់តាំងពីលោក ញូវ ហ្គីងរីច (Newt Gingrich) មកពីគណបក្សសាធារណរដ្ឋ ខណៈធ្វើជាប្រធានសភា បានទៅបំពេញទស្សនកិច្ច នៅលើកោះតៃវ៉ាន់ កាលពីអំឡុង ឆ្នាំ១៩៩៧។ ដោយឡែក លោកប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា មន្ត្រីយោធាសហរដ្ឋអាមេរិក ជឿថា ដំណើរទស្សនកិច្ចនេះ មិនមែនជាគំនិតល្អ សម្រាប់លោកស្រី Pelosi នៅក្នុងការទៅកាន់កោះតៃវ៉ាន់ នាពេលនេះឡើយ។

ដោយឡែក លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ សន្ដិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសប្ដាហ៍នេះថា វាជារឿងសំខាន់ សម្រាប់លោក ចូ បៃដិន និង លោក ស៊ី ជិនពីង នៅក្នុងការប្រឈមមុខដាក់គ្នា ដោយគាត់ពណ៌នា អំពីទំនាក់ទំនង រវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងថា ជា «ទំនាក់ទំនងទ្វេភាគីដ៏មានផលវិបាកបំផុតមួយ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ»៕