ភ្នំពេញ៖ តើកម្ពុជា នឹងទទួលបានផលចំណេញអ្វីពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ ដែលនឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ? គិតត្រឹម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩៥ ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ និងប្រកាសដាក់ឱ្យ ប្រើ ប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខ ដោយឥតគិតថ្លៃ រយៈពេលមួយខែ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និង ជាអ្នកជំនាញ សេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់នៅថ្ងៃនេះថា ជាការពិតណាស់ កម្ពុជា នឹងទទួលបានផលចំណេញច្រើន ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដូចជា កាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនមានភាពល្អប្រសើរជាងមុន ការដឹក ជញ្ជូនត្រូវចំណាយពេលខ្លី សន្សំសំចៃប្រេង ដែលធ្វើឱ្យតម្លៃដើមនៃការដឹកជញ្ជូនធ្លាក់ចុះ។

គម្រោងនេះ ក៏បានធ្វើឱ្យខេត្ត ដែលស្ថិតនៅតាមបណ្ដោយខ្សែផ្លូវល្បឿនលឿននេះ ទទួលបាននូវកំណើនវិនិយោគ និងឱកាសថ្មីៗផងដែរ ជាក់ស្តែងគឺខេត្តកំពង់ស្ពឺ បាន និងកំពុងទាក់ទាញបាននូវគម្រោងរោងចក្រជាច្រើន ដោយសារកត្តាភូមិសាស្ត្រអំណោយ ផលផង និងស្ថិតនៅក្បែរគម្រោងនេះផង ដែលបានតភ្ជាប់ទៅដល់ខេត្តព្រះសីហនុដែល ជាខេត្តពហុបំណង ដែលមានកំពង់ផែទឹកជ្រៅស្តង់ដារសម្រាប់នាំចេញនូវទំនិញ ទៅកាន់ទីផ្សារក្រៅប្រទេស។

លោកបណ្ឌិតបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ បានតភ្ជាប់ការដឹកជញ្ជូនទំនិញពី រាជធានីភ្នំពេញ មកកាន់កំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តពហុបំណងកម្ពុជា ដែលងាយស្រួលដល់ការផ្ទេរទំនេញចេញទៅខេត្តតំបន់ឆ្នេរកម្ពុជាផ្សេងទៀត ដូចជាកំពត កែប និងកោះកុងជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថា កម្ពុជា គួរតែមានផ្លូវល្បឿនលឿនបែបនេះ បន្ថែមទៀត ជាពិសេស គឺផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម កម្ពុជា-ថៃ និងកម្ពុជា-ឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញពីរោង ចក្រសហគ្រាសទៅកាន់ទីផ្សារអន្តរជាតិ កាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃជាងមុន ហើយលោកបណ្ឌិត ក៏ចង់ឃើញរដ្ឋាភិបាល កែសម្រួលផ្លូវដែកឡើងវិញឱ្យមានភាពល្អ ប្រសើរផងដែរ ព្រោះអាចធ្វើឱ្យតម្លៃដើមនៃដឹកជញ្ជូនមានតម្លៃទាប ។

កន្លងទៅ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿន លឿនត្រូវគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយ ក្រុមហ៊ុន នឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារ នឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លារអាម៉េរិក សម្រាប់ការធ្វើដំណើរទៅមក ហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹង ពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនសាងសង់។

បច្ចុប្បន្នគម្រោងនេះ សម្រេចបាន៩៥ភាគរយហើយ នៅសេសសល់តែការងារមួយ ចំនួនតូចតែប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ស្លាក សញ្ញា ចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវ គាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ និងបាន ប្រើរយៈពេលសាងសង់៤៨ខែ ចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕