រដ្ឋធានីហាណូយ៖ គិតត្រឹមពីដើមឆ្នាំ២០២២មក វៀតណាម បានចាប់ឃាត់ខ្លួនមន្រ្ដីជាន់ខ្ពស់របស់ខ្លួន ជាច្រើនរូប រុញបញ្ចូលគុក ក្រោមការចោទប្រកាន់ ពីបទពុករលួយ និង បទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ហើយឥឡូវនេះ ក្រុងហាណូយ ក៏បានបន្ដឃាត់ខ្លួនមន្រ្ដីចំនួន៦នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងករណីស៊ីសំណូក។

សារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ថា លោក ត្រាន់ វ៉ាន់ឌូ (Tran Van Du) អតីតអនុប្រធានយកដ្ឋានអន្តោប្រវេសន៍ ចំណុះឲ្យក្រសួងសន្តិសុខសាធារណៈ និង មន្រ្ដីចំនួន៥នាក់ផ្សេងទៀត បានរងនូវការចោទប្រកាន់ ពីបទទទួល និង ផ្តល់សំណូក ពាក់ព័ន្ធនឹងការរៀបចំជើងហោះហើរ ធ្វើមាតុភូមិនិវត្តន៍ ដោយសារជំងឺកូវីដ-១៩។ ជនជាប់ចោទទាំងនេះ ត្រូវបានឃាត់ខ្លួន ហើយនាំទៅឃុំខ្លួន នៅក្នុងពន្ធនាគាររួចមកហើយដែរ។

លោកឧត្ដមសេនីយ៍ តូ អាន ហ្សូ (To An Xo) អ្នកនាំពាក្យ ក្រសួងសន្ដិសុខសាធារណៈ បានបញ្ជាក់ថា ការចាប់ខ្លួនមន្រ្ដីទាំង៦នាក់នេះ គឺជាការវិវឌ្ឍន៍ចុងក្រោយ នៃការស៊ើបអង្កេតបន្ថែមទៅលើករណីស៊ីសំណូក នៅក្នុងនាយកដ្ឋានកុងស៊ុល ចំណុះឲ្យក្រសួងការបរទេសវៀតណាម។

ក្រៅពីលោក ត្រាន់ វ៉ាន់ឌូ (Tran Van Du) អតីតអនុប្រធានយកដ្ឋានអន្តោរប្រវេសន៍ នោះ ក្រុមមន្រ្ដីស៊ើបអង្កេត នៃក្រសួងសន្តិសុខសាធារណៈ កាលពីថ្ងៃទី២៥ ខែកក្កដា ក៏បានចោទប្រកាន់លោកស្រី ង្វៀន ម៉ៃ អាញ (Nguyen Mai Anh) នាយកប្រតិបត្តិទំនាក់ទំនងអន្តរជាតិ នៃការិយាល័យរដ្ឋាភិបាល, លោក ង៉ូ ខ្វាង ទួន (Ngo Quang Tuan) នាយកប្រតិបត្តិកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងដឹកជញ្ជូន និង លោក វូ ស៊ី គួង (Vu Sy Cuong) អតីតមន្ត្រីអន្តោប្រវេសន៍ នៃក្រសួងសន្តិសុខសាធារណៈ ពីបទទទួលសំណូកនេះ។ ចំណែក លោក ង្វៀន ទៀន ម៉ាញ (Nguyen Tien Manh នាយករងក្រុមហ៊ុន Viet Travel Tourist Trading JSC និង ជានាយកក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ Hoang Long Trading ក៏ត្រូវបានចាប់ខ្លួន ពីបទផ្តល់សំណូកនេះ ផងដែរ។

ក្រុមអ្នកស៊ើបអង្កេត បានចោទប្រកាន់លោក ប៊យ ហ៊ុយ ហង (Bui Huy Hoang) មន្ត្រី នៃអគ្គនាយកដ្ឋានថ្នាំបង្ការ នៃក្រសួងសុខាភិបាលវៀតណាម ពីបទប្រព្រឹត្តក្លែងបន្លំទ្រព្យសម្បត្តិសមស្រប។ ជាមួយគ្នានេះ មន្រ្ដីជំនាញ ថែមទាំងបានចុះទៅស្រាវជ្រាវដល់ផ្ទះសម្បែង និង ការិយាល័យរបស់អ្នកពាក់ព័ន្ធទាំង៦នាក់នេះថែមទៀតផង។

នៅមុននេះ ក្រុមមន្រ្ដីស៊ើបអង្កេត បានចោទប្រកាន់លោក តូ អាញ ឌុង (To Anh Dung) អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម, លោក ហ្វាម ទ្រុងកៀន (Pham Trung Kien) អ្នកឯកទេស នៃក្រសួងសុខាភិបាល និង លោក វូ អាញ ទួន (Vu Anh Tuan) អតីតមន្ត្រីអន្តោប្រវេសន៍ នៃសួងសន្តិសុខសាធារណៈ ពីបទទទួលសំណូក។

ក្រុមមន្រ្ដីជំនាញរបស់វៀតណាម បានបញ្ជាក់ថា មុនឈានដល់ការចាប់ខ្លួនមន្រ្ដីទាំងនេះ កម្លាំងជំនាញ បានដាក់ការចោទប្រកាន់ដូចគ្នានេះ ប្រឆាំងនឹងលោកស្រី ង្វៀន ធី ហួង ឡាន (Nguyen Thi Huong Lan) ប្រធាននាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេស, លោក ដូ ហង ទុង (Do Hoang Tung) អនុប្រធាននាយកដ្ឋានកុងស៊ុល, លោក ឡេ ទួន អាញ (Le Tuan Anh) ប្រធានការិយាល័យ នៃនាយកដ្ឋានកុងស៊ុល និង លោក លូ ទួន ឌុង ( Luu Tuan Dung) អនុប្រធានផ្នែកការពារប្រជាពលរដ្ឋ នៃនាយកដ្ឋានកុងស៊ុល។

បើគិតចាប់តាំងពីដើមឆ្នាំ២០២២ រហូតមកដល់ពេលនេះ វៀតណាម បានចាប់ខ្លួនមន្រ្ដីជាន់ខ្ពស់របស់ខ្លួន ជាច្រើននាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ ការក្លែងបន្លំទ្រព្យសម្បត្ដិ និង បទល្មើសព្រហ្មទណ្ឌជាច្រើនករណីផ្សេងទៀត ដោយក្នុងនោះ មានទាំងរដ្ឋមន្រ្ដីក្រសួងសុខាភិបាល និង ចៅហ្វាយក្រុងហាណូយ…ថែមទៀតផង៕