រដ្ឋធានីគៀវ៖ មន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងគៀវ កាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏សំខាន់មួយ គាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីបើកឲ្យដំណើរការនូវការនាំចេញគ្រាប់ធញ្ញជាតិ ពីសមុទ្រខ្មៅរបស់អ៊ុយក្រែន សម្រាប់សម្រួលដល់បញ្ហាសន្ដិសុខស្បៀងអាហាររបស់ពិភពលោក ប៉ុន្ដែគ្រាន់តែស៊ីញ៉េ ហើយមិនទាន់បាន រយៈពេល១ថ្ងៃផង កងទ័ពរុស្ស៊ី បានបាញ់មីស៊ីល ទៅលើកំពង់ផែអូដែសសា ហើយឥឡូវបន្ដបាញ់បន្ថែមទៀត។

សារព័ត៌មាន The Daily Star បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ថា មន្រ្ដីអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានថ្លែងថា កម្លាំងទាហានរុស្ស៊ី បានបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់ សំដៅទៅលើគោលដៅនានា នៅតាមឆ្នេរសមុទ្រខ្មៅ នៅជិតទីក្រុងកំពង់ផែអូដែសសា (Odessa) និង ទីក្រុងមីកូឡាវ (Mykolaiv) ។ ការវាយប្រហារនេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរុស្ស៊ីបានវាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Odessa កាលពីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា។ សកម្មភាពយោធាជាបន្ដបន្ទាប់របស់ក្រុងមូស្គូ បាននាំឲ្យមានការលើកឡើងជាសំណួរ អំពីកិច្ចព្រមព្រៀង បំបែកភាពទាល់ច្រក ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែរបស់អ៊ុយក្រែន ដែលត្រូវបានរំខាន ដោយការលុកលុយនេះ។Grain deal on knife-edge after 'Russian missiles' hit key Ukrainian port |  Euronews

អ្នកនាំពាក្យ មន្រ្ដីយោធាអ៊ុយក្រែន បានបញ្ជាក់ថា រុស្ស៊ី កាលពីថ្ងៃអង្គារ បានកំណត់គោលដៅវាយប្រហារតាមអាកាស ទៅលើតំបន់ជាច្រើន នៅតាមឆ្នេរសមុទ្រខ្មៅ និង ទីក្រុង Mykolaiv ដោយបានធ្វើឲ្យខូចខាតដល់សំណង់អគារឯកជនជាច្រើនកន្លែង និង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងកំពង់ផែ។ នៅក្នុងការវាយប្រហារនេះ រុស្ស៊ី បានប្រើប្រាស់យន្ដហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ ប្រភេទ Tu-22M3 យន្ដហោះ Su-30 និង យន្ដហោះ Su-35 ដោយបាញ់ចេញពីសមុទ្រខ្មៅ។

រុស្ស៊ី និង អ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ជាលើកដំបូង ចាប់តាំងពីការផ្ទុះសង្គ្រាមឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោន ពីកំពង់ផែរបស់អ៊ុយក្រែន នៅសមុទ្រខ្មៅ សម្រាប់ជួយបន្ធូរបន្ថយនូវគ្រោះអត់ឃ្លាន ដល់មនុស្សរាប់លាននាក់ នៅលើពិភពលោក។ ការចុះកិច្ចព្រមព្រៀង រវាងប្រទេសជម្លោះទាំង២នេះ បានធ្វើឡើង ក្រោមវត្ដមានរបស់ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែររ៉េស និង ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន នៅក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី។

ដោយឡែក មន្រ្ដីអ៊ុយក្រែន បានអះអាងថា ក្រុងមូស្គូ មិនគោរពកិច្ចសន្យារបស់ខ្លួននោះឡើយ ពោលគឺគ្រាន់តែចុះហត្ថលេខាហើយបានមួយថ្ងៃ កងទ័ពរុស្ស៊ី បានវាយប្រហារ ដោយមីស៊ីល ទៅលើកំពង់ផែអូដែសសាភ្លាម ហើយកាលពីថ្ងៃអង្គារ ក៏បន្ដវាយប្រហារបន្ថែមទៀត៕Russia-Ukraine war: Russia Says Strike On Odessa Port Hit Ukrainian  Military Targets