រដ្ឋធានីគៀវ៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក កំពុងតែផ្គត់ផ្គង់គ្រឿយុទ្ធោបករណ៍ទំនើបៗជាបន្ដបន្ទាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ជួយដល់កងទ័ពការពារទឹកដីរបស់ក្រុងគៀវ មានសមត្ថភាពទប់ទល់នឹងកម្លាំងទាហានរបស់ក្រុងមូស្គូនោះ មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានចាប់ផ្ដើម មានការព្រួយបារម្ភ អំពីអាវុធដ៏មានអានុភាពខ្លាំងក្លារបស់សហរដ្ឋអាមេរិក ហើយបណ្ដាប្រទេសនានា នៅតំបន់អឺរ៉ុបខាងកើត ក៏បញ្ជាទិញ សម្រាប់ត្រៀមខ្លួន នៅក្នុងការធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ថា សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ហ៊ីម៉ាស M142 ដល់ប្រទេសអ៊ុយក្រែន សម្រាប់ការពារទឹកដីរបស់ពួកគេ។ ចំណែកហ៊ីម៉ាស M142 ( M142 HIMARS) នេះ ជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតកាំភ្លើងធំចល័តនាំផ្លូវដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក ហើយវាក៏ជាសញ្ញា នៃការបង្កគ្រោះថ្នាក់ដ៏ខ្លាំងក្លាបំផុត សម្រាប់កងទ័ពរុស្ស៊ី ផងដែរ។

សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នាពេលនេះ កំពុងតែធ្វើឲ្យបណ្ដាប្រទេស នៅតំបន់អឺរ៉ុបខាងកើត ភាគច្រើន មានការព្រួយបារម្ភ អំពីការវាយប្រហារ ពីកម្លាំងទាហានរុស្ស៊ី នាពេលអនាគត។ ជាមួយនឹងក្ដីកង្វល់ អំពីបញ្ហាសន្ដិសុខជាតិ និង ដឹង អំពីអានុភាពរបស់ហ៊ីម៉ាសនេះ ទើបប្រទេសទាំងនោះ ស្វះស្វែងចំណាយលុយ ទិញគ្រឿងសឹកប្រភេទនេះ សម្រាប់យកមកការពារខ្លួន ទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ។Ukraine Hails Arrival of US HIMARS Weapon, Predicts Pain for Russia

ប្រទេសប៉ូឡូញ និង បណ្ដារដ្ឋនៅតំបន់បាល់ទិក បានទាញមេរៀន នៅក្នុងសង្គ្រាមនេះ ដោយលើកឡើងថា គ្រឿងសឹកទាំងនេះ ស្ថិតក្នុងចំណោមអាវុធដ៏មានប្រសិទ្ធភាពខ្ពស់បំផុត នៅក្នុងការបញ្ឈប់នូវការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយកំពុងតែបញ្ជាទិញប្រព័ន្ធបាញ់រ៉ុក្កែតដ៏ទំនើប រាប់រយគ្រឿង នៅក្នុងតម្លៃ រាប់រយលានដុល្លារសហរដ្ឋអាមេរិក។

លោក ម៉ារុស ប្លាសហ្សាក់ (Mariusz Blaszczak) រដ្ឋមន្រ្ដីក្រសួងការពារជាតិប៉ូឡូញ បានប្រកាស កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ថា គាត់បានដាក់សំណើសុំទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហ៊ីម៉ាស ចំនួន៥០០គ្រឿង រួមទាំង គ្រាប់រំសេវ ផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ថា ប្រទេសអេស្ដូនី ក៏នឹងទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ HIMARS ចំនួន៦គ្រឿង និង គ្រាប់រំសេវ មានតម្លៃ ៥០០លានដុល្លារ។ មួយសប្ដាហ៍ ក្រោយមក ប្រទេសឡាតវី (Latvia) ក៏បានប្រកាសជាសាធារណៈ សម្រាប់សំណើទិញគ្រឿងសព្វាវុធប្រភេទនេះ មានតម្លៃ៣០០លានដុល្លារសហរដ្ឋអាមេរិក។ ស្របគ្នានេះដែរ ប្រទេសលីទុយអានី ក៏នឹងធ្វើដូច្នោះដែរ។

លោក កូស្ទី សាម (Kusti Salm) រដ្ឋមន្រ្ដីក្រសួងការពារជាតិអេស្ដូនី បានពន្យល់ អំពីការសម្របសម្រួល ទិញគ្រឿងសឹកការពារ នៅក្នុងតំបន់នេះថា «បណ្ដាប្រទេស នៅក្នុងតំបន់បាល់ទិក នឹងក្លាយជាទីលានសមរភូមិសង្គ្រាមតែមួយគត់របស់រុស្ស៊ី»។Poland to Acquire 500 HIMARS From US

ប្រទេសប៉ូឡូញ និង លីទុយអានី អាចនឹងរងការវាយប្រហារណាមួយ នៅលើទឹកដីរបស់ពួកគេ ចេញពីប្រទេសបេឡារុស ដែលជាសម្ពន្ធមិត្តតែមួយគត់របស់រុស្ស៊ី ហើយទឹកដីទាំងនោះ ក៏អាចប្រើប្រាស់ សម្រាប់ការវាយប្រហារ ទៅលើក្រុងគៀវ ផងដែរ។

សូមជម្រាបថា HIMARS នេះ អាចបាញ់គ្រាប់រ៉ុក្កែតនាំផ្លូវ នៅក្នុងចម្ងាយ ចន្លោះពី៨០ទៅ១២០គីឡូម៉ែត្រ។ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះនេះ មានបណ្ដោយ ៧ម៉ែត្រ និង ទទឹង ២,៤ម៉ែត្រ និង កម្ពស់ ៣,២ម៉ែត្រ ហើយគ្រាប់របស់វា ជាប្រភេទមីស៊ីលនាំផ្លូវ។ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS បានជួយដល់កងទ័ពអ៊ុយក្រែន ទប់ទល់មិនឲ្យកម្លាំងទាហានរុស្ស៊ី វាយរុលចូលទៅមុខបាន ហើយថែមទាំងមានលទ្ធភាព វាយប្រហារកម្ទេច ដល់ទីតាំងរបស់សត្រូវ យ៉ាងមានប្រសិទ្ធភាពថែមទៀតផង៕Ukraine and Russia make competing claims on HIMARS rocket systems |  Russia-Ukraine war News | Al Jazeera