ប្រទេសចិន៖ បុរសម្នាក់មានការស្ដាយក្រោយ បន្ទាប់ពីទិញផ្ទះល្វែងមួយកន្លែងដោយមិនបានស៊ើបជាមុន ចុងក្រោយទើបដឹងប្រវត្តិដ៏គួរឱ្យខ្លាចព្រោះតែមានមនុស្សស្លាប់ជាច្រើននាក់ក្នុងផ្ទះនោះ ទើបប្រកាសដាក់លក់វិញ។

កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ គេហទំព័រ hk០១ បានរាយការណ៍ថា បុរសម្នាក់ដែលមានឈ្មោះថា Xiang បានសម្រេចចិត្តទិញផ្ទះល្វែងមួយកន្លែង នៅស្រុក Jinjiang ខេត្ត Chengdu ប្រទេសចិន តាមរយៈក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យក្នុងឆ្នាំ ២០២១ ក្នុងតម្លៃ ១.៥៧លានយន់ ឬប្រហែល ២១៨,២៣៦ ដុល្លារ ដែលលោកខិតខំសន្សំអស់រយៈពេលជាយូរក្នុងជីវិត។ ហើយបានផ្លាស់ទៅទីនោះ ប៉ុន្តែក្រោយមកទើបលោកដឹងថាក្នុងផ្ទះនេះធ្លាប់មានអ្នកស្លាប់ ហើយការស្លាប់នោះមានរួមបញ្ចូល ទាំងការធ្វើអត្តឃាត ការធ្លាក់ពីអគារ រួមទាំងការស្លាប់ដោយចៃដន្យ និងការស្លាប់ដោយមិនដឹងពីមូលហេតុ មិនតែប៉ុណ្ណោះមានកូនតូចម្នាក់ធ្លាក់ពីលើផ្ទះនេះក្នុង ខែមករា ឆ្នាំ ២០២១មុនលោកទិញផ្ទះនេះថែមទៀតផង ប៉ុន្តែក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យ និងម្ចាស់ផ្ទះបានលាក់បាំងការពិតកន្លងមក។

ក្រោយពីលោកបានដឹងពីប្រវត្តិក្នុងផ្ទះនេះរួចមក បានធ្វើឱ្យលោក Xiang មានភាពតានតឹងជាខ្លាំង ​ព្រោះផ្ទះនេះនឹងគ្រោងធ្វើជាទីតាំងក្នុងការរៀបការរបស់ខ្លួននឹងមិត្តស្រី ប៉ុន្តែពេលដែលនាងដឹងរឿងរ៉ាវរួចមកនាងក៏លែងហ៊ានមកក្នុងផ្ទះនេះ និងបានពន្យាពេលរៀបការថែមទៀតផង។

លើសពីនេះលោក ​ Xiang បាននិយាយថាផែនការសំខាន់ៗរបស់ជីវិតអាចនឹងត្រូវបំផ្លាញ ប្រសិនបើរឿងនេះមិនត្រូវបានដោះស្រាយ ហើយលោកក៏បានសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២កន្លងទៅ ដោយស្នើឲ្យពិចារណាថាតើអតីតម្ចាស់ផ្ទះ និង ក្រុមហ៊ុនឈ្មួញជើងសា អចលនទ្រព្យ មានចេតនាក្លែងបន្លំ និងលាក់បាំងការពិតឬអត់ តើនេះជាការរំលោភកិច្ចសន្យាធ្ងន់ធ្ងរឬទេ? ហើយពេលនេះតុលាការបានទទួលសំណុំរឿងរួចហើយ។

យ៉ាងណាមិញវាពិតជាសំណាងល្អ ​ក្រោយ​ព័ត៌មានបាន​លេច​ឡើងតាមបណ្ដាញសង្គម ស្រាប់តែមានក្រុមហ៊ុនឈ្មួញជើងសាអចលនទ្រព្យ បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយថា គេនឹងគោរពតាមលក្ខខណ្ឌនៃកិច្ចសន្យា ថាផ្ទះល្វែងនឹងត្រូវទិញវិញក្នុងតម្លៃដើម ព្រម​ទាំង​សង​ថ្លៃ​ចំណាយ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដល់​​លោកវិញ៕ ប្រភព៖ Kapook