រាជធានីបាងកក៖ គ្រូបង្រៀនចូលនិវត្ដន៍ម្នាក់ និង បុរស៨នាក់ផ្សេងទៀត បានល្បួងក្មេងស្រីជាអនីតិជន សម្រាប់គោលបំណងជួញដូរ និង បំពេញចំណង់ផ្លូវ.ភេទ ក៏ត្រូវបានប៉ូលិស ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែកក្កដា នៅក្នុងខេត្តកាឡាស៊ីន ប្រទេសថៃ ហើយនាំទៅចាត់ការតាមច្បាប់។

សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ថា ជនសង័្សយ ចំនួន៩នាក់ ហើយក្នុងនោះមានម្នាក់ ជាគ្រូបង្រៀនចូលនិវត្ដន៍ ត្រូវបានចោទប្រកាន់ ពីបទជួញដូរផ្លូវភេទលើក្មេងស្រី អនីតិជន។ នេះជាផ្នែកមួយ នៃប្រតិបត្តិការរបស់ប៉ូលិស ប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ នៅក្នុងខេត្តកាឡាស៊ីន (Kalasin)។

ជនសង្ស័យម្នាក់ ក្នុងចំណោមពួកគេ បានប្រគល់ខ្លួនឲ្យប៉ូលិស ហើយម្នាក់ទៀត ត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកាឡាស៊ីន ពីបទពាក់ព័ន្ធនឹងគ្រឿងញៀន។ ដោយឡែក ពួកគេ៧នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅទីតាំងផ្សេងគ្នា នៅក្នុងខេត្តកាឡាស៊ីន។ ជនសង័្សយទាំងនេះ បានរងនូវការចោទប្រកាន់ ពីការប្រើប្រាស់លុយ សម្រាប់ទាក់ទាញក្មេងស្រី មានអាយុចន្លោះពី១៥ទៅ១៨ឆ្នាំ នាំទៅរួមភេទ និង ជួញដូរ៕

ប៉ូលិសប្រឆាំងការជួញដូរមនុស្ស (ATPD) បានចាប់ខ្លួនជនសង្ស័យ នៅក្នុងខេត្តភាគឦសានប្រទេសថៃ កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ក្រោមការចោទប្រកាន់ ពីបទល្បួងក្មេងស្រី អាយុក្រោម ១៨ឆ្នាំ ឱ្យចូលរួមក្នុងសកម្មភាពទុច្ចរិត ដោយមិនគិតពីការយល់ព្រម ឬអត់ ហើយនាំក្មេងស្រី មានអាយុចន្លោះពី១៥ទៅ១៨ឆ្នាំ ចេញពីការថែទាំរបស់មាតាបិតា នៅក្នុងគោលបំណងជួញដូរ និង បំពេញចំណង់ផ្លូវភេទ៕