រដ្ឋធានីគែរ៖ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល១៥៣ថ្ងៃកន្លងមកហើយ គិតត្រឹម ថ្ងៃទី២៦ ខែកក្កដា ហើយការវាយប្រយុទ្ធគ្នា រវាងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរបស់ក្រុងមូស្គូ កំពុងតែបន្ដ កាន់តែមានភាពសាហាវខ្លាំងឡើង ដោយរកថ្ងៃបញ្ចប់មិនទាន់ឃើញ ប៉ុន្ដែនៅពេលនេះអ្វីដែលពិភពលោក កាន់តែឃើញច្បាស់នោះ គឺវិមានក្រឹមឡាំង ចង់ផ្ដួលរំលំរដ្ឋាភិបាលក្រុងគៀវ។

សារព័ត៌មាន PBC បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ថា ស្របពេល លោក ណែត ប្រាយ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើសន្និសីទសារព័ត៌មាន កាលពីរសៀល ថ្ងៃចន្ទ នោះ ក៏ចំពេលប្រមុខការទូតរុស្ស៊ី បានអះអាងថា គោលដៅរបស់ក្រុងមូស្គូ គឺដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន។

ការធ្វើអត្ថាធិប្បាយរបស់លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានកើតឡើង ចំពេលកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន បញ្ជូនទៅកាន់បណ្ដាប្រទេសនានា ដើម្បីជួយសម្រាល ដល់កង្វះខាតស្បៀងអាហាររបស់ពិភពលោក ក្រោមកិច្ចព្រមព្រៀងថ្មីមួយ ដែលជាផែនការរបស់អង្គការសហប្រជាជាតិ។

ក្រុងមូស្គូ និង ក្រុងគៀវ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ ក្រោមវត្ដមានរបស់ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន និង ប្រមុខអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី។ ប៉ុន្ដែការចុះហត្ថលេខធានាអះអាងពីសុវត្ថិភាព នៅកំពង់ផែរបស់អ៊ុយក្រែន មិនទាន់បានរយៈពេល១ថ្ងៃស្រួលបួលផង រុស្ស៊ីក៏បានបាញ់ប្រហារដោយមីស៊ីល ទៅលើទីក្រុងកំពង់ផែអូដែសា ប្រទេសអ៊ុយក្រែន ទើបធ្វើឲ្យក្រុងគៀវ កាន់តែមិនទុកចិត្ត ចំពោះការសន្យារបស់រុស្ស៊ី។

ថ្លែងទៅកាន់ប្រេសិត នៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីល្ងាច ថ្ងៃអាទិត្យ នោះ លោក Lavrov បានអួតអាងថា ក្រុងមូស្គូ បានប្តេជ្ញាចិត្ត ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន «រំដោះពួកគេ ចេញពីរបបគ្រប់គ្រង ដែលមិនអាចទទួលយកបាន»។

ប្រមុខការទូតរុស្ស៊ី រូបនេះ បានចោទប្រកាន់ក្រុងគៀវ និង សម្ពន្ធមិត្ដលោកខាងលិចរបស់អ៊ុយក្រែន ពីការឃោសនាបំផ្លើស ដោយចេតនា ដើម្បីធានាថា អ៊ុយក្រែន «ក្លាយជាសត្រូវស្លាប់រស់ជាមួយរុស្ស៊ី។ បើតាមការពិតទៅ ប្រជាជនរុស្ស៊ី និង អ៊ុយក្រែន នឹងបន្តរស់នៅជាមួយគ្នា។ យើងពិតជានឹងជួយប្រជាជនអ៊ុយក្រែន ឱ្យកម្ចាត់របប ដែលប្រឆាំងនឹងប្រជាជន ហើយប្រឆាំងនឹងប្រវត្តិសាស្ត្រ»។

ការអត្ថាធិប្បាយរបស់ប្រមុខការទូតរុស្ស៊ី គឺផ្ទុយទៅនឹងខ្សែបន្ទាត់គូសវាសដំបូងរបស់វិមានក្រឹមឡាំង នៅក្នុងសង្រ្គាមនេះ ខណៈក្រុងមូស្គូ បានបញ្ជាក់ម្តងហើយម្តងទៀត ថា រុស្ស៊ីនឹងមិនស្វែងរកការផ្តួលរំលំរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នោះទេ បើទោះជាកងទ័ពក្រុងម៉ូស្គូ បានឡោមព័ទ្ធរដ្ឋធានីគៀវ ក៏ដោយ។ ប៉ុន្ដែក្រោយមក រុស្ស៊ី បានដកកម្លាំងទាហានរបស់ខ្លួន ថយចេញពីតំបន់ជុំវិញរដ្ឋធានី ហើយងាកទៅវាយដណ្ដើមកាន់កាប់តំបន់ឧស្សាហកម្មដុនបាស (Donbas) នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ខណៈរហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នា កំពុងតែបន្ដឈានដល់ខែទី៦ហើយ៕