សិង្ហបុរី៖ ស្របពេលពិភពលោក កំពុងតែរងឥទ្ធិពល ពីសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នោះ តម្លៃទំនិញ អាហារ ក៏ដូចជា ថ្លៃអគ្គិសនី និង ឧស្ម័ន នៅសិង្ហបុរី បានកើនឡើងខ្ពស់បំផុត ហើយអតិផរណាជាគោល នៃប្រទេសអាស៊ានមួយនេះ កើនឡើង រហូតដល់៤,៤ភាគរយ ដែលជាអត្រាមួយខ្ពស់បំផុត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៨មក។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ថា អតិផរណា នៅក្នុងប្រទេសសិង្ហបុរី ក្នុងខែមិថុនា បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០០៨មក ជាមួយនឹងការកើនឡើង នៃតម្លៃទំនិញគ្រប់ប្រភេទ កាន់តែខ្លាំងឡើង ដូចជា សេវាកម្ម ម្ហូបអាហារ ការលក់រាយ ក៏ដូចជា អគ្គិសនី និងឧស្ម័ន…ជាដើម។

បើតាមទិន្នន័យផ្លូវការ ចេញផ្សាយ កាលពីថ្ងៃចន្ទ បានបង្ហាញថា អតិផរណាគោល ដោយមិនបានរាប់បញ្ចូលថ្លៃស្នាក់នៅ និង ថ្លៃដឹកជញ្ជូនឯកជន បានចូលមក នៅក្នុងកម្រិត ៤,៤ភាគរយ នៅក្នុងខែមិថុនា។ អតិផរណានេះ បានកើនឡើង ពីកម្រិតខ្ពស់ កាលពី១៣ឆ្នាំមុន ដែលឡើងខ្ពស់បំផុត ត្រឹមតែ៣,៦ ភាគរយ នៅក្នុងខែឧសភា៕