រដ្ឋធានីណៃពិដោរ៖ មនុស្សយ៉ាងតិច ជាង ២ ១០០នាក់ ត្រូវគេជឿថា កម្លាំងសន្ដិសុខ នៃរបបសឹកមីយ៉ាន់ម៉ា សម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សាន់ស៊ូជី ដែលបានជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ហើយនៅពេលនេះ តុលាការរបស់របបយោធាមួយនេះ បានបន្ដកាត់ទោសប្រហារជីវិតមនុស្ស ជាច្រើននាក់បន្ថែមទៀត។

សារព័ត៌មាន CNBC បានផ្សាយថា បើតាមបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ បានបញ្ជាក់ នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ថា អាជ្ញាធរយោធាមីយ៉ាន់ម៉ា បានកាត់ទោសប្រហារជីវិត លើសកម្មជនប្រជាធិបតេយ្យ ចំនួន៤នាក់ ក្រោមការចោទប្រកាន់ថា បានជួយអនុវត្ត «អំពើភេរវកម្ម»។ នេះជាការប្រហារជីវិតលើកដំបូង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៨០មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhImDT7cjKCAeCu8qaZR4zKnpaB2o76lBP2D814lbL0u84odV5oF6WsghwZ7qY8BayTFP0m9tRi0TUSVqWJ7jrnoXYskae0FlAStMfgVquZeDfNO0szLKZDjoDeP-bqgI-hkEjyfBx9u-by59SR3bTz_PrAfeDiTMhWNRRnIhuV-xZW-A3qvcF9ym29/s800/photo_2022-07-25_13-38-31.jpg

កាសែត គ្រប់គ្រង ដោយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា បុរស៤នាក់ រួមទាំង អតីតសមាជិកសភាម្នាក់ មកពីគណបក្សម្ចាស់ពានរង្វាន់ណូបែលសន្តិភាព គឺលោកស្រី អ៊ោង សាន់ស៊ូជី ក៏ត្រូវបានប្រហារជីវិត ក្រោមការចោទប្រកាន់ពីការចូលរួមរបស់ពួកគេ នៅក្នុងការរៀបចំ «អំពើភេរវកម្មដ៏ព្រៃផ្សៃ និងអមនុស្សធម៌»។ បុរសទាំង៤នាក់នេះ កាលពីខែមករា ត្រូវបានកាត់ទោសប្រហារជីវិត នៅក្នុងការជំនុំជម្រះបិទទ្វារ ក្រោមការចោទប្រកាន់ ថា ពួកគេបានជួយដល់កងជីវពល នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ព ដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) ។

លោក ហ្វីយូ ហ្សេយ៉ា ថាវ (Phyo Zeya Thaw) អតីតតំណាងរាស្រ្ដ មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ NLD របស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) និង សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ លោក ខ្យៅ មិន យូ (Kyaw Min Yu) ត្រូវបានតុលាការរបបសឹកមីយ៉ាន់ម៉ា ចោទប្រកាន់ថា មានពិរុទ្ធ ពីបទល្មើស ក្រោមច្បាប់ប្រឆាំងនឹងអំពើភេរវកម្មរ នៅក្នុងរបបគ្រប់គ្រងរបស់លោកឧត្ដមសេនីយ៍ មីន អ៊ោង ហ្លាង។ ដោយឡែកបុរស២នាក់ ទៀត រួមមាន លោក ហ្លា មីយូអ៊ោង (Hla Myo Aung) និង អ៊ោង ធូរ៉ា ហ្សៅ ((Aung Thura Zaw) ក៏ត្រូវបានប្រហារជីវិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_5izidCy5S3SQVdS6T3lS3bjnkB1Jizwhg6boiJdzW4v0XJ6w9ytwbQlnx3myiU-52NJaw_ZfIFpVt_cex2gacGdxDobfRmqKpxAJZlQT8BwqEyEGNIIXOnaWjY_74Gpqu31aqIvd8f2VcRHbgKnpd_OTiDY-3ZjiyJiDgEAaZDEZAZ3MfrED6nK/s621/photo_2022-07-25_13-37-51.jpg

ការកាត់ទោសប្រហារជីវិតរបស់របបសឹកមីយ៉ាន់ម៉ា បាននាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីក្រុមអង្គការសិទ្ធិមនុស្ស សហរដ្ឋអាមេរិក បារាំង និង អង្គការសហប្រជាជាតិ ដោយរួមទាំងលោក អង់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានពណ៌នាពីការប្រហារជីវិត ដែលបានគ្រោងទុកនេះថា ជា«ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិរស់រានមានជីវិត»។

បើតាមសមាគមជំនួយការអ្នកទោសនយោបាយ ហៅកាត់ AAPP បានឲ្យដឹងថា ការកាត់ទោសតាមផ្លូវតុលាការចុងក្រោយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើង នៅចុងទសវត្សរ៍ ឆ្នាំ១៩៨០។ ប៉ុន្ដែចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ចុងខែកក្កដា ឆ្នាំ២០២២ មានមនុស្ស យ៉ាងហោចណាស់ ជាង ២ ១០០នាក់ ត្រូវបានកម្លាំងសន្ដិសុខ នៃរបបសឹកមីយ៉ាន់ម៉ា សម្លាប់៕