អន្តរជាតិ៖ ក្រសួងសុខាភិបាលថៃបញ្ជាក់ថា គ្មានគម្រោងនាំយកអ្នកជំងឺអុតស្វា Monkeypox ជនជាតិនីហ្សេរីយ៉ា ដែលបានរត់គេចចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាត្រលប់ទៅកាន់ប្រទេសខ្លួនវិញនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកក្កដានេះ។

បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានថ្លែងថា៖ “វាគឺជារឿងល្អហើយដែលអ្នកជំងឺទទួលបានការព្យាបាលនៅក្នុងប្រទេសកម្ពុជានោះ ហើយគាត់រំពឹងថាស្ថានភាពរបស់អ្នកជំងឺនឹងល្អប្រសើរឡើងក្នុងពេលឆាប់ៗនេះផងដែរ”។

គួររម្លឹកជូនថា អ្នកជំងឺអុតស្វា Monkeypox ជនជាតិនីហ្សេរីយ៉ារូបនេះមាន​អាយុ ២៧ឆ្នាំបានតេស្តវិជ្ជមានកាលពីថ្ងៃអង្គារសប្តាហ៍មុន តែគាត់បានរត់គេចខ្លួនពីប្រទេសថៃ ហើយក្រោយមកត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសោរ៍ចុងសប្តាហ៍កន្លងទៅនេះ។ បច្ចុប្បន្នអ្នកជំងឺរូបនេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយរូបគាត់ក៏មានការពាក់ព័ន្ធជាមួយមនុស្សមួយចំនួនផងដែរក្រោយពេលមកដល់ទឹកដីកម្ពុជា។ ដោយឡែកសម្រាប់នៅក្នុងប្រទេសថៃវិញគឺអ្នកជំងឺរូបនេះបានពាក់ព័ន្ធជាមួយនឹងមនុស្ស ១៩នាក់ ដែលបច្ចុប្បន្នអាជ្ញាធរថៃកំពុងតែព្យាយាមធ្វើតេស្ត និងដានសុខភាពរបស់ពួកយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ៕