រដ្ឋធានីគៀវ (Kyiv) ៖ ក្រោយពេលក្រុងមូស្គូ និង ក្រុងគៀវ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង លើផែនការរបស់អង្គការសហប្រជាជាតិ រួចមក អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានបង្កើននូវកិច្ចខិតខំប្រឹងប្រែង នៅក្នុងការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ចេញពីសមុទ្រខ្មៅ ដើម្បីនាំទៅផ្គត់ផ្គង់ដល់ពិភពលោក ដែលកំពុងតែប្រឈមមុខនឹងកង្វះខាតស្បៀងអាហារប៉ុន្តែការដឹកជញ្ជូននេះ នឹងរងផលប៉ះពាល់ ប្រសិនបើរុស្ស៊ីបន្ដវាយប្រហារ មកលើទីក្រុងកំពង់ផែអូដែសា (Odesa) ដូចកាលពីថ្ងៃសៅរ៍។

សារព័ត៌មាន Goz News បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្កោលទោសដល់ការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ថា នេះជាអំពើព្រៃផ្សៃ ហើយសកម្មភាពបែបនេះ កំពុងតែបង្ហាញថា រដ្ឋាភិបាលក្រុងម៉ូស្គូ មិនគួរឲ្យជឿទុកចិត្តបាន នៅក្នុងការអនុវត្តនូវកិច្ចព្រមព្រៀង ក្រោមការសម្របសម្រួល ពីប្រទេសតួកគី និង អង្គការសហប្រជាជាតិ (UN)។ ការវាយប្រហារនេះ បានកើតឡើង ត្រឹមតែមួយថ្ងៃ ក្រោយពេលក្រុងមូស្គូ និង ក្រុងគៀវ បានចុះហត្ថលេខា លើផែនការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែសមុទ្រខ្មៅ នៃប្រទេសអ៊ុយក្រែន។

បណ្ដាញទូរទស្សន៍សាធារណៈ Suspilne បានដកស្រង់សម្តីរបស់យោធាអ៊ុយក្រែន មកផ្សាយថា ការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី មិនបានធ្លាក់ចំកន្លែងស្តុកគ្រាប់ធញ្ញជាតិ នៅក្នុងកំពង់ផែ Odesa ឬ ក៏បង្កឱ្យមានការខូចខាតអ្វីធំដុំនោះទេ។ រីឯរដ្ឋាភិបាលក្រុងគៀវ បានអះអាងថា ការរៀបចំ សម្រាប់បន្តការនាំចេញគ្រាប់ធញ្ញជាតិ ក៏កំពុងតែដំណើរការ តាមកិច្ចព្រមព្រៀង នៅក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី ក្រោមការសម្របសម្រួល ពីអង្គការសហប្រជាជាតិ និង តួកគី។

ជាមួយគ្នានេះដែរ លោក អូឡែសានដឺរ គូប្រាកូវ (Oleksandr Kubrakov) រដ្ឋមន្រ្ដីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា « ឥឡូវនេះ យើងបន្តរៀបចំបច្ចេកទេស សម្រាប់ការនាំចេញផលិតផលកសិកម្ម ចេញពីកំពង់ផែរបស់យើង»។

ដោយឡែក មន្រ្ដីយោធារុស្ស៊ី វិញ បានអួតអាងថា កម្លាំងទាហានរបស់ខ្លួន បានវាយប្រហារទៅលើនាវាចម្បាំងរបស់ក្រុងគៀវ និង ឃ្លាំងស្ដុកគ្រឿងសព្វាវុធ នៅក្នុងទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន ដោយបានបំផ្លិចបំផ្លាញគ្រឿងសព្វាវុធអស់ជាច្រើន ដែលបានផ្គត់ផ្គង់ ដោយលោកខាងលិច។

រុស្ស៊ី និង អ៊ុយក្រែន កាលពីថ្ងៃសុក្រ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ គាំទ្រដោយអង្គការសហប្រជាជាតិ ក្រោមវត្ដមានរបស់លោក រ៉េសេប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី និង លោក អង់តូនីញ៉ូ ហ្គូទែររ៉ែស ប្រមុខ UN ។ នេះជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ រវាងក្រុងមូស្គូ និង ក្រុងគៀវ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក ហើយក៏ជាសញ្ញា បង្ហាញពីការបំបែកភាពទាល់ច្រកជាលើកដំបូង ដើម្បីដោះស្រាយការកើនឡើងនូវតម្លៃស្បៀងអាហាររបស់ពិភពលោក និង គ្រោះអត់ឃានផងដែរ។ ដោយឡែកទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានព្រមានថា ការវាយប្រហារ មកលើទីក្រុង Odesa ជាសញ្ញាថា ប្រហែលជាគ្មានបញ្ហានោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVdBZyPWpVS-pPPwb-6kDKqlO48-zn74GyetyMB1X7KVZfGm-VUJqQHkT8nArYXmIXNsukKueq2RWf7n6vJE7eOS25USOJ0Ve3lZBFKiq1h2LmedzWrQfHQZVWIl20Hsr-k0uG2iB-OldjjiGTx9JH2RmHAqmMwrYCJ-z3W7FmGZ2_IWwX017OZrz8/s840/photo_2022-07-25_09-56-11.jpg