ប្រទេសថៃ៖ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានត្រៀមរៀបចំនូវទឹកប្រាក់ចំនួន ៣០,០០០លានបាត សម្រាប់ប្រជាកសិករខ្ចីក្នុងម្នាក់បាន ១០០,០០០បាត ដើម្បីយកទៅពង្រីក និងធ្វើជាទុនសម្រាប់អាជីវកម្ម ​ការចិញ្ចឹមសត្វ ដាំដំណាំផ្សេងៗ ដែលជាផ្នែកមួយពង្រឹងវិស័យសេដ្ឋកិច្ច។

កាលពីថ្ងៃទី ២៤ ខែកក្ដដា ឆ្នាំ២០២២មានសេចក្តីរាយការណ៍ឱ្យដឹងថា នៅក្នុងខេត្ត Udon Thani លោក Prapat Phothasuthon អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និង សហករណ៍ បាន អញ្ជើញជាអធិបតីក្នុងពិធីមួយដែលមានការផ្ដួចផ្ដើមបង្កើតក្តីស្រមៃក្នុងការកសាងអាជីព និងបង្កើនប្រាក់ចំណូលដល់កសិករ ដោយបានបង្កើតគម្រោងចុះចែកនូវ សត្វគោ ក្របីសម្រាប់ប្រជាកសិករក្នុងការបង្កើន និងពង្រីកអាជីព។

ក្នុងកម្មពិធីនោះបាននាំយកសត្វគោ ក្របីចំនួន ១,២០៥ក្បាល ដោយបែងចែក គោចំនួន ៥៦៥ក្បាល ក្របីចំនួន ៦៤០ក្បាល សម្រាប់ប្រជាកសិករខ្ចីយកទៅចិញ្ចឹមដើម្បីយកកូន។

ទន្ទឹមនឹងនោះផងដែរលោក Prapat Phothasuthon ក៏បានមានប្រសារថា មានដំណឹងល្អមួយដើម្បីជម្រាបជូនកសិករថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា  បានរៀបចំថវិកាចំនួន ៣០,០០០ លានបាតសម្រាប់កសិករដើម្បីខ្ចីចំនួន ១០០,០០០ បាត ក្នុងម្នាក់ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។ ហើយអ្នកណាខ្លះចង់ចិញ្ចឹម សត្វ  ដាំដំណាំ ឬអ្វីផ្សេងទៀតក្នុងវិស័យកសិកម្ម  អាចទៅខ្ចីបានតាមរយៈទាក់ទង BAAC នៅគ្រប់សាខា ឬការិយាល័យបសុសត្វ ការិយាល័យជលផល និង កសិកម្មគ្រប់ ស្រុក និងខេត្ត ៕ ប្រភព៖ Khaoso