បរទេស៖ កាលពីថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ២០២២ កន្លងទៅនេះមានហេតុការណ៍ដ៏គួរឱ្យចាប់អារណ៍ និងពិតជាគួរឱ្យអាណិតចំពោះសត្វខ្លាឃ្មុំមួយក្បាលដែលបានព្យាយាមរត់ចុះពីលើភ្នំមករកមនុស្សដើម្បីរកជំនួយ ក្រោយពីវាបានជាប់កំប៉ុងនៅនឹងធ្មេញ ចុងក្រោយមនុស្សអាចជួយខ្លាឃ្មុំមួយក្បាលនេះបានសម្រេច។

ទាក់ទងនឹងករណីនេះផងដែរ បានកើតឡើងនៅក្នុងតំបន់ភ្នំនៃភូមិ Dikson ភាគខាងជើងប្រទេសរុស្ស៊ី ដោយអ្នកភូមិរស់នៅទីនោះពិតជាមានការតក់ស្លុតជាខ្លាំងខណៈពេលដែលឃើញសត្វខ្លាឃ្មុំមួយក្បាលបានរត់ចុះពីលើភ្នំដោយសំដៅមករកអ្នកភូមិ ព្រមទាំងមានកំប៉ុងមួយនៅក្នុងមាត់។ ជាមួយគ្នានោះអ្នករស់នៅក្នុងតំបន់នោះបានរៀបរាប់ថា ជាធម្មតាសត្វខ្លាឃ្មុំមិនងាយចេញពីក្នុងព្រៃភ្នំមករកមនុស្ស និងមកកាន់ភូមិទេ ប៉ុន្តែចម្លែកតែខ្លាឃ្មុំមួយក្បាលនេះបែរជារត់មករកមនុស្សយ៉ាងទាន់ហន់ហាក់ដូចជាត្រូវការជំនួយ ទើប​អ្នករស់នៅក្បែរនោះ បានចូលទៅមើល ក៏ដឹងថាវាកំពុងតែត្រូវការជំនួយពិតមែន ក្រោយពីវាបានជាប់កំប៉ុងនឹងធ្មេញ ដែលធ្វើឱ្យវាពិតបាកក្នុងការស៊ីចំណី ក៏ដូចជាការផឹកទឹកជាដើម ទើបគេបានព្យាយាមដកកំប៉ុងចេញមកដោយសុវត្តិភាព។

យ៉ាងណាមិញគេមិនបានដឹងច្បាស់ថាខ្លាំឃ្មុំមួយក្បាលនេះជាប់កំប៉ុងនឹងធ្មេញអស់រយៈពេលប៉ុន្មានថ្ងៃនោះទេ ប៉ុន្តែគេជឿថាអាចមានរយៈពេលយូរមកហើយ ទើបវាសម្រេចចិត្តមករកមនុស្សឱ្យជួយក្រោយពី វាបានព្យាយាមជួយខ្លួនឯងអស់ពីសមត្ថភាពហើយ៕ ប្រភព៖ Sanook