រាជធានីបាងកក៖ មេទ័ពកំពូលថៃ បានឡើងតំណែងជានាយករដ្ឋមន្រ្ដី នៅក្នុងអំពើរដ្ឋប្រហារយោធា កាលពីអំឡុងឆ្នាំ ២០១៤ ហើយក្ដោបមុខងារជា រដ្ឋមន្រ្ដីក្រសួងការពារជាតិថៃ បានរួចផុតពីគ្រោះថ្នាក់ ក្រោយការស៊ូដេញដោលយ៉ាងតានតឹង ពីតំណាងរាស្រ្ដ នៅក្នុងរដ្ឋសភា អស់រយៈពេល៤ថ្ងៃ ដើម្បីរក្សាតំណែងកំពូលរបស់គាត់ រហូតដល់ចប់អាណត្ដិ នៅក្នុងខែមីនា ឆ្នាំ២០២៣។

សារព័ត៌មាន Bloomberg បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ថា លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) នាយករដ្ឋមន្រ្ដីថៃ បានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅក្នុងដឹកនាំប្រទេស បន្ទាប់ពីគណបក្សប្រឆាំងបានកំណត់គោលដៅ ទៅលើគាត់ ជុំវិញការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ មុនការបោះឆ្នោតសកល នៅដើម ឆ្នាំ២០២៣។ នេះជាការបោះឆ្នោតដកសេចក្ដីទុកចិត្តលើកទី៤ សម្រាប់មេដឹកនាំថៃរូបនេះ ចាប់តាំងពីឆ្នាំ២០១៩មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaPp_P6ZeVGyZ2ZchDA7ZjPruwLBumMjDJ8_2rRKqRGnuYgSXyZHt8TzrINT-K0hynZyivi1R7olI4BXcFjInSNNbCtyxvw-SjDDaiTI4HZE_Fd3G8BvLPLE5Fx7lq1U26q0CHQ_GLvvfKDBFWxQPcWvzeJtS_APCfb1ZtXOzpWhswsFVQ10mSbNF2/s629/photo_2022-07-23_14-20-33%20(2).jpg

នៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ពីរដ្ឋសភាថៃ កាលពីព្រឹក ថ្ងៃសៅរ៍ លទ្ធផលបានបង្ហាញថា លោក Prayuth ទទួលបានការគាំទ្រ ចំនួន២៥៦សំឡេង ខណៈ២០៦នាក់សំឡេងទៀត ប្រឆាំងនឹងគាត់។ ការសម្រេចចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងស្វិតស្វាញ អស់រយៈពេល៤ថ្ងៃមក។ ជាមួយគ្នានេះដែរ សមាជិកគណៈរដ្ឋមន្ត្រី ចំនួន១០រូបផ្សេងទៀត ក៏បានទទួលបានជ័យជម្នះ លើចលនាប្រមាថរបស់គណបក្សប្រឆាំងផងដែរ។

ការបន្ដកាន់តំណែងរបស់លោក ប្រាយុទ្ធ និង រដ្ឋមន្ត្រីរបស់គាត់ បានជម្រះភាពមិនច្បាស់លាស់ អំពីជោគវាសនា នៃការអនុម័តថវិកាសារពើពន្ធ ឆ្នាំ២០២៣ ដែលជាកត្តាសំខាន់ក្នុងការធានា ពីការងើបឡើងវិញ នៃសេដ្ឋកិច្ចដែលកំពុងតែមានកំណើនយឺតយ៉ាវជាងបណ្ដាប្រទេសនានា នៅក្នុងតំបន់អាស៊ាន។ សមាជិកសភា ត្រូវបានគេរំពឹងថា នឹងកោះប្រជុំឡើងវិញ ដើម្បីពិចារណា អំពីការអនុម័តថវិកា ក្នុងអំណានលើកទី២ និងទី៣ នៅខែក្រោយ។

លោក ប្រាយុទ្ធ នឹងកាន់តំណែង ជានាយករដ្ឋមន្រ្ដីថៃ គម្រប់៨ឆ្នាំគត់ នៅខែត្រឹមខែក្រោយ ចាប់តាំងពីគាត់បានរឹបអូសអំណាច ដោយអំពីរដ្ឋប្រហារ កាលពីអំឡុង ឆ្នាំ២០១៤មក។ នាយករដ្ឋមន្រ្ដីថៃ រូបនេះ ត្រូវបានគេមើលឃើញ ធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOVXV0OIxkNJes2Nt3thG2nQ9i66jc2s_cuPsu9OgTY2GqrqyOzQckdomEgOx0ED_Cw3NOQqjrIdFYCsp7YvCffGqJMRvon7YmqY7jS_FUTFC0iKZzgubEEP53R5ZmLl0S_42n22139JXhsUXB5v78ZF0EVL10qjR4dSGEJYtOnysjfGZQ8pcz7AuW/s632/photo_2022-07-23_14-20-33.jpg

បើតាមការស្ទង់មតិឯករាជ្យចុងក្រោយ បង្ហាញថា លោក Prayuth មានប្រជាប្រិយភាព តាមពីក្រោយលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) មកពីគណបក្សប្រឆាំងភឿថៃ (Pheu Thai) ដែលជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបណ្តេញចេញ នៅក្នុងអំពើរដ្ឋប្រហារ នាឆ្នាំ ២០០៦។

ការបោះឆ្នោតដកសេចក្ដីទុកចិត្ដ ពីនាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ននេះ បានកើតឡើង ក្រោយបក្សប្រឆាំង បានចោទប្រកាន់ទៅលោក ប្រាយុទ្ធ និង រដ្ឋាភិបាលរបស់គាត់ អំពីការប្រព្រឹត្ដអំពើពុករលួយ និង ការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ។ ដូច្នេះការបោះឆ្នោតនេះ ត្រូវការសំឡេង ច្រើនជាង ២៣៩ នៅក្នុងចំណោម៤៧៧សំឡេង នៅក្នុងរដ្ឋសភា ដើម្បីដកលោក ប្រាយុទ្ធ ចេញពីតំណែងនាយករដ្ឋមន្រ្ដី។ ប៉ុន្ដែនៅចុងបញ្ចប់ លោក ប្រាយុទ្ធ ទទួលបានការគាំទ្រ ចំនួន២៥៦សំឡេង ពីសមាជិកសភា ទល់នឹងប្រឆាំង ចំនួន ២០៦សំឡេង ខណៈ៩សំឡេងផ្សេងទៀត បានបោះឆ្នោតអនុបវាទ៕