ប្រទេសថៃ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្រោយពីមានព្រះសង្ឃមួយអង្គបានធ្វើបុណ្យចម្រើនព្រះជន ព្រមទាំងបានចំណាយប្រាក់អស់រាប់សែនបាត និងចិញ្ចៀនមាសជិត១០០វង់បាចឱ្យប្រជាពលរដ្ឋដណ្ដើមគ្នារើសពេញទាំងវត្ត។

ហេតុការណ៍នេះត្រូវបានគេឱ្យដឹងថាបានកើតឡើងនៅក្នុងវត្ត ព្រះពុទ្ធាប៊ូឆា ឆាឡែម ប្រាគ្រីប ក្នុងខេត្ត Phitsanulok នៃប្រទេសថៃ ដោយមានព្រះសង្ឃមួយអង្គមានព្រះនាម លោកគ្រូ ប៊ុនឡោម ន័រ កែវ ភូធីយ៉ាន  បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ចូល៣៥ ឆ្នាំ ដើម្បីលើករាសីឱ្យមានលាភធំ  ក៏ដូចជាបើកឱកាសសម្រាប់ពុទ្ធបរិស័ទ និងមហាជន ទូទៅបានមកធ្វើបុណ្យក្នុងការបង្កើតវត្ថុស័ក្តិសិទ្ធិផ្សេងៗក្នុងវត្តជាពិសេសការបូជាព្រះពុទ្ធអង្គមាស (ព្រះពុទ្ធសុវណ្ណមង្គលមុនីស៊ីសុងកូវ) ឱ្យប្រជាពលរដ្ឋចូលមកគោរពបូជាផងដែរ។

ទន្ទឹមនឹងនោះក្នុងកម្មវិធីនេះផងដែរត្រូវបានអ្នកភូមិចូលរួមយ៉ាងច្រើនកុះករ តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះគឺ ក្នុងកម្មពិធីនេះ លោកគ្រូ ប៊ុនឡោម ន័រ កែវ ភូធីយ៉ាន ក៏បានឡើងលើកុដិដែលទើបតែសាងសង់ ហើយបានបាចប្រាក់ជាច្រើន រហូតទៅដល់ ៣សែនបាត (ប្រហែល៨១៤៥ ដុល្លារ) ព្រមទាំងចិញ្ចៀនមាសចំនួន ៧៨ វង់ ក្នុងនោះក៏មានពុទ្ធបរិស័ទជាច្រើនបាននាំគ្នាទៅរើសប្រាក់ និងចិញ្ចៀន ជាច្រើនកុះករ។

យ៉ាងណាមិញមហាជនបន្ទាប់ពីបានឃើញនូវសកម្មភាពទាំងអស់នេះហើយក៏ស្ងើចសរសើរពីទឹកចិត្តបុណ្យរបស់លោកគ្រូ ប៊ុនឡោម ន័រ កែវ ភូធីយ៉ាន ថាមានទឹកចិត្តជ្រះថ្លា មិនអាចកាត់ថ្លៃបាន៕ ប្រភព៖ Sanook