បរទេស៖ កាលពីពេលថ្មីៗនេះមានការបង្ហោះនូវរូបភាពក្នុងផ្ទៃសមុទ្រដែលបានជះនូវពន្លឺពណ៌ក្រហមឆ្អៅ ដែលបានថតជាប់ពីខាងលើអាកាស រហូតបានធ្វើឱ្យមហាជនអ្នកលេងក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងមានចម្ងល់ជាខ្លាំងថា តើពន្លឺចម្លែកដែលបានជះពីសមុទ្រនោះជាពន្លឺអ្វីឱ្យពិតប្រាកដ តែចុងក្រោយហួសចិត្ត ព្រោះគេបានបញ្ជាក់ថានេះជាពន្លឺ របស់ទូកនេសាទមឹក។

ទាក់ទងនឹងរឿងរ៉ាវនេះផងដែរវាបានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ ហើយក៏ជារឿងដែលធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមានការងើយឆ្ងល់ជាមួយនឹងពន្លឺចម្លែកនេះជាខ្លាំង ក្រោយពីអ្នកឧតុនិយមជនជាតិអាមេរិកម្នាក់ បានបង្ហាញនូវរូបភាព ហោះហើររបស់អ្នកដំណើរដែលបានថតពន្លឺភ្លើងក្រហមចម្លែកមួយនៅភាគខាងជើងនៃផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយ គ្មានកោះគ្មានត្រើយនោះទេ។ ដែលវាជាបាតុភូតចម្លែក មិនធ្លាប់ឃើញពីកន្លែងណាពីមុនមក រហូតបានក្លាយជារឿងដ៏កក្រើក ហើយអ្នកនិយមលេងក្នុងបណ្ដាញអ៊ីនធឺណិតក៏បានកំពុងធ្វើការវិភាគនិង មានចម្ងល់ថាតើពន្លឺភ្លើងអាថ៌កំបាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងនេះគឺជាអ្វីឱ្យពិតប្រាកដ។

ទោះជាយ៉ាងណាការពិតត្រូវបានលាតត្រដាង ក្រោយពី អ្នកឧតុនិយមម្នាក់នោះបានបន្ថែមថា គាត់ទើបតែទទួលបានការឆ្លើយតបពីសហសេវិករបស់គាត់ម្នាក់ទៀត ដោយគេបានបញ្ជាក់ថាពន្លឺដ៏ចម្លែកដែលគេបានឃើញក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយមួយនេះ វាគ្រាន់តែជាពន្លឺរបស់ទូកអ្នកនេសាទមឹកតែប៉ុណ្ណោះ៕ ប្រភព៖ Kapook