បរទេស៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ជាខ្លាំង ក្រោយពីពេលថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់បានបង្កើតកំណត់ត្រាថ្មីមួយ ដោយប្រើច្រមុះរបស់គាត់ដើម្បីរុញគ្រាប់សណ្តែកដីទៅដល់កំពូលភ្នំក្នុងរយៈពេល ៧ ថ្ងៃសម្រាប់ការ អបអរសាទរប្រារព្ធខួបគម្រប់១៥០ឆ្នាំ នៃការកកើតស្រុកកំណើររបស់គាត់ ហើយគាត់ក៏បានក្លាយជាមនុស្សដំបូងបង្អស់ដែលសម្រេចបាននូវរឿងដ៏ចម្លែកនេះក្នុងសតវត្សទី ២១។

បុរសដែលពុះពារគ្រប់ឧបសគ្គ ជាមួយនឹងការបង្កើតរឿងដ៏គួរឱ្យចាប់អារម្មណ៍ម្នាក់នេះមានឈ្មោះថា Bob Salem អាយុ ៥៣ ឆ្នាំមកពីរដ្ឋ Colorado នៃសហរដ្ឋអាមេរិក លោកបានសម្រេចចិត្តបំពេញបេសកកម្មដ៏លំបាកដោយការរុញគ្រាប់សណ្ដែកដីឡើងលើកំពូលភ្នំ Pike Peak ដែលមានកម្ពល់ ១៤,០០០ ហ្វីត។ ការសម្រេចចិត្តរបស់លោក Bob ដើម្បីធ្វើរឿងមួយនេះគឺក្នុងគោលបំណងអបអរសាទរប្រារព្ធខួបគម្រប់១៥០ឆ្នាំនៃការកកើតតំបន់ Manitou Springs ដែលជាស្រុកកំណើតរបស់គាត់។

ជាមួយគ្នានោះផងដែរលោក Bobបានចំណាយពេលអស់រយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២២ ដោយប្រើឧបករណ៍ភ្ជាប់នឹងច្រមុះរបស់គាត់ ដើម្បីរុញសណ្តែកដីឡើងឱ្យដល់កំពូលភ្នំ យ៉ាងលំបាក់ និងតម្រូវឱ្យគាត់ប្រើជង្គង់ធ្វើដំណើររហូត ក្នុងនោះគាត់ត្រូវដូរគ្រាប់សណ្ដែកជាច្រើនដងចេញពីដប ព្រោះតែគ្រាប់សណ្ដែកខ្លះធ្លាក់ក្នុងប្រហោងថ្ម មិនអាចយកចេញវិញបាន លុះដល់ថ្ងៃទី ១៥ ខែកក្ដដា ឆ្នាំ២០២២ លោក Bob ក៏បានឡើងដល់កំពូលភ្នំជាមួយនឹងគ្រាប់សណ្ដែករបស់គាត់បានដោយជោគជ័យ។

យ៉ាងណាមិញរឿងរ៉ាវមួយនេះបានក្លាយជាភាពដ៏អស្ចារ្យ ហើយលោក Bob ក៏ត្រូវបានទីភ្នាក់ងារនៃការបំបែកកំណត់ត្រារបស់ពិភពលោកផ្ដល់ពានរង្វាន់ថាជាមនុស្សដែលធ្វើរឿងចម្លែកបំផុត បន្ទាប់ពីបុរសម្នាក់បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាមនុស្សដំបូងគេនៃសតវត្សទី ២១ក្នុងការបំបែកឯតទគ្គកម្ម មួយនេះ៕ ប្រភព៖ Khaosod