បរទេស៖ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ពីសារព័ត៌មាន​ New York Post បានឱ្យដឹងថា មានសោកនាដកម្មមួយបានកើតឡើងក្នុងពិធីអាពាហ៍ពិពាហ៍ ក្រោយភ្ញៀវដែលជាសាច់ញាតិខាងកូនកំលោះបានបាញ់កាំភ្លើងដើម្បីអបអរ បែរត្រូវក្បាលកូនក្រមុំបណ្ដាលឱ្យបាត់បង់ជីវិត ប្រែក្លាយពីពិធីមង្គលការ ទៅជាពិធីបុណ្យសពទៅវិញ។

ករណីនៃសោកនាដកម្មដែលបានកើតឡើងដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅក្នុងពិធីមង្គលការមួយកន្លែងក្នុងទីក្រុង Firuzabad  ប្រទេសអ៊ីរ៉ង់ ដោយមានគូស្នេហ៍មួយគូបានប្រារព្ធពិធីមង្គលការយ៉ាងអធិកអធម ដែលមានការចូលរួមពីក្រុមគ្រួសារទាំងសងខាង និងញាតិមិត្តបានចូលរួមជាផ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ជាមួយគ្នានោះផងដែរស្រាប់តែមានឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់ និងក្លាយជាសោកនាដកម្ម ក្រោយកូនក្រមុំ មានឈ្មោះ Mahwash Legai អាយុ ២៤ ឆ្នាំ បានជួបគ្រោះថ្នាក់មិននឹកស្មានដល់ ត្រូវបានគេបាញ់ចំក្បាលក្នុងអំឡុងពេលប្រារព្ធពិធី ធ្វើឱ្យកូនកំលោះ ក្រុមគ្រួសារ និងភ្ញៀវភ្ញាក់ផ្អើលជាខ្លាំង។

ក្រោយពីហេតុការណ៍នេះបានកើតឡើងកូនក្រមុំត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែជាអកុសលក្រុមគ្រូពេទ្យមិនបានទទួលព្យាបាលនោះទេ ព្រោះបានបញ្ជាក់ថា  Mahwash Legai នាងបានបាត់បង់ជីវិតតាំងពីនៅកន្លែងកើតហេតុមកម្លេះ។ ក្នុងនោះយោងតាមប្រភពដដែលបានឱ្យដឹងថា ក្រុមប៉ូលិសក៏បានចុះទៅស៊ើបអង្កេតនៅទីតាំងកើតហេតុភ្លាមៗ នឹងបានឱ្យដឹងថាអ្នកដែលបានបាញ់កាំភ្លើងក្នុងពិធីការនេះគឺជាបងប្អូនជីដូនមួយជាមួយនឹងកូនកំលោះ គេបាញ់កាំភ្លើងក្នុងគោលបំណងចង់អបអរសាទរ ប៉ុន្តែបែរជាត្រូវក្បាលកូនក្រមុំបណ្ដាលឱ្យបាត់បង់ជីវិតបែបនេះ លើសពីនេះជនបង្កក៏បានរត់គេចខ្លួនយ៉ាងប្រញាប់ប្រញាល់តែចុងក្រោយត្រូវបានប៉ូលិសចាប់បាននិងចាត់ការទៅតាមផ្លូវច្បាប់។

យ៉ាងណាមិញរបាយការណ៍បាននិយាយថានៅក្នុងប្រទេសអ៊ីរ៉ង់ កាំភ្លើងត្រូវបានគេបាញ់ជាញឹកញាប់ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីប្រារព្ធពិធីមង្គលការ ទោះបីវាជាប្រពៃណីខុសច្បាប់ក៏ដោយ៕ Kapook