ប្រទេសឥណ្ឌា៖ កាលពីថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន ស៊ីនហួរបានឱ្យដឹងថាប្រទេសឥណ្ឌាកំពុងតែភ័យខ្លាច និងព្រួយបារម្ភជាខ្លាំងពី”ជំងឺផ្តាសាយជ្រូកអាហ្រ្វិក” បន្ទាប់ពីមានការរកឃើញថា មានសត្វជ្រូកជាច្រើនក្បាលបានឆ្លងជំងឺ និងបានងាប់នៅក្នុងកសិដ្ឋានក្នុងសហគមន៍។

ទាក់ទងនឹងការឆ្លងជំងឺនេះផងដែរត្រូវបានគេឱ្យដឹងថា ពេទ្យសត្វ ហិម៉ាន់ឌូ បីកាស់ បារ៉ាវ (Himandu Bikash Barua) ដែលជាពេទ្យសត្វក្នុងស្រុក ឌី ប្រូហ្គាស់ (Dibrugarh) នៅភាគឦសាននៃរដ្ឋ អាសាម (Assam) កំពុងប្រឈមមុខនឹងការភ័យខ្លាចពី ជំងឺផ្តាសាយជ្រូកអាហ្រ្វិក បន្ទាប់ពីជ្រូករាប់រយក្បាលបានស្លាប់ដោយសារឆ្លងជំងឺនេះកាលពីកន្លងទៅ។

ជាមួយគ្នានេះផងដែរថ្មីៗនេះជំងឺប៉េស្តជ្រូកអាហ្រ្វិកក៏កំពុងតែរីករាតត្បាតក្នុងប្រទេសឥណ្ឌា ដោយសត្វជ្រូកចំនួន ២១ ក្បាលបន្ថែមទៀតបានប្រទះឃើញងាប់នៅក្នុងកសិដ្ឋានមួយកន្លែងក្នុងសហគន៍នៃរដ្ឋ Assam បន្ទាប់ពីពួកវាចេញរោគសញ្ញា គ្រុនក្តៅ ចង្អោរ និងរាគ  រហូតអាជ្ញាធរក្នុងតំបន់បានជូនដំណឹងទៅដល់តំបន់ក្បែរនោះ ដើម្បីអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ធ្វើអនាម័យ និងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កា និងលុបបំបាត់ជ្រូកដែលបានឆ្លងនូវជំងឺនេះ។

យ៉ាងណាមិញអាជ្ញាធរ មូលដ្ឋានក្នុងរដ្ឋ Assam ក៏បានណែនាំឲ្យប្រជាពលរដ្ឋចៀសវាងការបរិភោគ សាច់ជ្រូក ដោយសារតែការឆ្លងមេរោគប៉េស្តជ្រូកអាហ្រ្វិកតែងតែវិវត្ត ដូច្នេះវាមានហានិភ័យនៃការផ្លាស់ប្តូរ និងការរីករាលដាលនៅក្នុងខ្លួនមនុស្សផងដែរ៕ ប្រភព៖ Khaosod