បរទេស៖ នាថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន Al Jazeera បានឱ្យដឹងថាហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងទៅលើគ្រួសារខាងកូនកំលោះ ក្រោយពីបាននាំក្រុមគ្រួសារនិងសាច់ញាតិជាច្រើននាក់ ធ្វើដំណើរតាមទូកឆ្លងទន្លេដើម្បីទៅរៀបការ តែជាអកុសលត្រូវជួបឧបទ្ទវហេតុក្រឡាប់ទូកកណ្ដាលទន្លេ បណ្ដាលឱ្យមានអ្នកស្លាប់រាប់សិបនាក់។

ហេតុការដ៏គួរឱ្យតក់ស្លុតនេះផងដែរបានកើតឡើងនៅកណ្តាលទន្លេ Indus  ស្រុក Sadiqabad ខេត្ត Punjab នៅភាគខាងកើតនៃប្រទេសប៉ាគីស្ថាន ​ដោយអាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា ខណៈពេលដែល មានទូកមួយគ្រឿងបានឆ្លងទន្លេធ្វើដំណើរដោយដឹកកូនកំលោះ និងក្រុមគ្រួសារសាច់ញាតិ ព្រមទាំងភ្ញៀវចំនួន១០០នាក់ផ្សេងទៀត ដើម្បីទៅរៀបការផ្ទះខាងកូនក្រមុំ ខណៈពេលដែលធ្វើដំណើរសុខៗស្រាប់តែមានខ្យល់ជំនោរមកយ៉ាងខ្លាំង ក្រោយមកគេក៏បានឃើញទូកនោះក្រឡាប់ចូលទៅក្នុងទឹកភ្លាមៗ។

សេចក្តីរាយការណ៍ព័ត៌មាន ដដែលបានបញ្ជាក់ដូច្នេះថា  ក្រុមអ្នកជួយសង្គ្រោះក៏បាននាំគ្នាជួយសង្គ្រោះអ្នកដំណើរយ៉ាងហោចណាស់ ៦៥ នាក់ចេញពីទឹក រួមទាំងកូនកំលោះផងដែរ  តែមនុស្សយ៉ាងតិច២០នាក់បានស្លាប់ ខណៈអ្នកដំណើរប្រហែល៣០នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន ក្នុងនោះភាគច្រើនជនរងគ្រោះជាស្ត្រី និងកុមារ។

យ៉ាងណាមិញប៉ូលិសបាននិយាយ ថាមូលហេតុនៃការក្រឡាប់ទូកនេះនៅមិនទាន់ដឹងពីមូលហេតុទេ ប៉ុន្តែគេជឿថាវាអាចបណ្ដាលមកពីផ្ទុកលើសទម្ងន់។ លើសពីនេះគេបានបន្ថែមថាការលិចទូក ជារឿងធម្មតានៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារ កង្វះស្តង់ដារសុវត្ថិភាពសម្រាប់ការធ្វើនាវាចរសាធារណៈ ដោយ ទូកភាគច្រើនមានសភាពចាស់ ស្ថិតក្នុងស្ថានភាពមិនល្អ ហើយមិនមានអាវពង សម្រាប់អ្នកដំណើរពាក់៕ ប្រភព៖ Thairath