រដ្ឋធានីអ៊ិស្លាមបាដ៖ ប្រជាពលរដ្ឋប៉ាគីស្ថានមួយក្រុម ទើបចេញពីចូលរួមពិធីមង្គលការ ហើយជិះទូកវិលត្រឡប់ទៅផ្ទះសម្បែងវិញ ស្រាប់តែជួបប្រទះនឹងគ្រោះអកុសលដ៏កំណាច ក្រឡាប់ទូកលិច នៅក្នុងកណ្ដាលទន្លេ បណ្ដាលឲ្យស្រ្ដីជិត២០នាក់ បាត់បង់ជីវិត ហើយអ្នករួមដំណើរជាច្រើននាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា នៅក្នុងទន្លេអ៊ិនដាស (Indus) ជិតម៉ាចកា (Machka) មានចម្ងាយប្រហែល៦៥គីឡូម៉ែត្រ ពីទីក្រុងរ៉ាហ៊ីមយ៉ាខាន់ (Rahim Yar Khan) ខេត្តភុនចាប (Punjab) ប្រទេសប៉ាគីស្ថាន។

សារព័ត៌មាន The Telegraph Online បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ថា លោក ស្យេដ មូសា រ៉ាហ្សា (Syed Musa Raza) ស្នងការរងទីក្រុងរ៉ាហ៊ីម យ៉ា ខាន់ បានឲ្យដឹងថា បើតាមសារព័ត៌មានប៉ាគីស្ថាន Dawn (ដោន) បានឲ្យដឹងថា មានអ្នកដំណើរ ប្រហែល១០០នាក់ បានវិលត្រឡប់ មកពីចូលរួម នៅក្នុងពិធីមង្គលការ។ ពួកគេបានធ្វើដំណើរតាមទូក ចេញពីរ៉ាចាពួរ (Rajapur) ឆ្នោះទៅកាន់ម៉ាចកា (Machka) ហើយក៏ជួបនឹងឧប្បត្ដិហេតុបែបនេះតែម្ដងទៅ។

លោកស្នងការរង ទីក្រុងរ៉ាហ៊ីម យ៉ា ខាន់ បានបញ្ជាក់ថា អ្នកដំណើរទាំងនោះ ស្ថិតក្នុងត្រកូលសូឡានហ្គិ (Solangi) ។ ចំណែកគ្រោះថ្នាក់នេះ បានកើតឡើង ក្រោយកទូករបស់ពួកគេ ដែលកំពុងតែធ្វើដំណើរ បានក្រឡាប់លិច ដោយសារផ្ទុកលើសចំណុះ និង ទឹករលកខ្លាំងពេក។

សារព័ត៌មាន Dawn បានរាយការណ៍ថា ក្រោយពេលមានកើតហេតុការណ៍ដ៏រន្ធត់បែបនេះភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះ ចំនួន៣០នាក់ រថយន្ដសង្គ្រោះបន្ទាន់ ចំនួន៥គ្រឿង និង យានសង្គ្រោះតាមផ្លូវទឹក ១គ្រឿង បានទៅដល់ចំណុចនោះ។ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពរបស់ជនរងគ្រោះ ចំនួន១៩នាក់ សុទ្ធតែជាស្រ្ដី ហើយបានស្រង់ចេញពីក្នុងទឹក ខណៈប្រតិបត្ដិការស្រាវជ្រាវនេះ កំពុងតែស្វែងរកអ្នកដែលបាត់ខ្លួន។ ដោយឡែក អ្នកដំណើរតាមទូកដែលិចនោះ យ៉ាងតិច៣៥នាក់ ត្រូវបានអ្នកស្រុក ជួយសង្គ្រោះទាន់ពេលវេលា៕All those on board belonged to one clan, and they were on their way to a family wedding across the river, officials say.