សហរដ្ឋអាមេរិក៖ នាថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន ស៊ីនហួរ បានឱ្យដឹងថាមានយន្តហោះពីរគ្រឿងបានបុកគ្នាយ៉ាងគួរឱ្យរន្ធត់មួយនៅលើផ្ទៃអាកាសរហូតបណ្ដាលឱ្យធ្លាក់មកក្រោមភ្លាមៗ និងបង្កឱ្យមានមនុស្សស្លាប់រហូតទៅដល់៤នាក់ក្នុងហេតុការណ៍មួយនេះ។

ទាក់ទងនឹងហេតុការណ៍ខាងលើនេះផងដែរត្រូវបានគេឱ្យដឹងថា បានកើតឡើងនៅចំណុចព្រលានយន្តហោះ ឡាស់វេហ្កាស់ខាងជើង (North Las Vegas Airport) ស្ថិតក្នុង រដ្ឋណេវ៉ាដា (Nevada) នៃសហរដ្ឋអាមេរិក។ ក្នុងនោះគេបានរាយការណ៍បន្ថែមថា មានយន្តហោះពីរគ្រឿង ដោយមួយគ្រឿងជាប្រភេទធុន Piper PA-46 និងមួយប្រភេទទៀតធុន Cessna 172N  ដែលសុទ្ធតែជាយន្តហោះខ្នាតតូចដូចគ្នា ដោយយន្តហោះនីមួយៗមានអ្នកជិះចំនួន២នាក់ដូចគ្នា ហើយយន្តហោះទាំងពីរនេះបានជួបនូវឧបទ្ទវហេតុបុកគ្នាយ៉ាងខ្លាំងនៅលើផ្ទៃអាកាស និងបានធ្លាក់មកក្រោម​ភ្លាមៗ ហើយយន្តហោះធុន Cessna 172Nបានធ្លាក់ចូលទៅក្នុងទឹកស្រះក្បែរនោះ  ដែលបង្កឱ្យមានអ្នកស្លាប់ចំនួន៤នាក់។

យ៉ាងណាមិញ ទាក់ទងនឹងឧបទ្ទវហេតុខាងលើនេះផងដែរ នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ ហើយពេលនេះកំពុងតែត្រូវបានធ្វើការស៊ើបអង្កេត និងរកនូវមូលហេតុពិតក្នុងករណីបុកគ្នានេះ៕