ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា ពេលនេះ មានប្រទេស៦ទៅ៧ហើយត្រៀមចូលរួមប្រកួតកីឡាគុនល្បុក្កតោ ដែលត្រូវបានដាក់បញ្ជូលក្នុងចង្កោមនៃយុទ្ធគុនចម្រុះ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះជាការបញ្ជាក់ជូនរបស់ឯកឧត្តមអគ្គលេខាធិការ នៅក្រោយពេលបញ្ចប់កិច្ចពិភាក្សា និងចុះហត្ថលេខាជាមួយ តំណាងសមាគមកីឡាបញ្ចសិលាឥណ្ឌូណេស៊ី និងតំណាងស្ថានទូតឥណ្ឌូណេស៊ី ក្នុងការផ្លាស់ប្តូរការនៃហ្វឹហាត់គុនល្បុក្កតោ និងបញ្ចសិលា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមមានប្រសាសន៍ថា ថ្ងៃនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ត្រានៃដំណើរការផ្លាស់ប្តូរគ្នារវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងបញ្ចសិលារបស់ឥណ្ឌូណេស៊ី ហើយបានកំណត់ពេលវេលាក្នុងការបញ្ជូនក្រុមកីឡាករ កីឡាការិនីកម្ពុជាចេញទៅហ្វឹកហាត់កីឡាបញ្ចសិលា និងរៀបចំគ្រូបង្វឹកកីឡាគុនល្បុក្កតោរបស់កម្ពុជាទៅបង្ហាត់ដល់កីឡាករ កីឡាការិនីឥណ្ឌូណេស៊ី ដែលក្បាច់គុនទាំងពីរនេះនឹងត្រូវរៀបចំការប្រកួតនៃយុទ្ធគុនចម្រុះ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

«នេះជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបញ្ជ្រាបក្បាច់គុនព្រលឹងជាតិមួយនេះទៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលឥណ្ឌូណេស៊ីនឹងបង្កើតឲ្យមានជាសហព័ន្ធកីឡាគុនល្បុក្កតោឥណ្ឌូណេស៊ី។ ឯកឧត្តមចាត់ទុកថា នេះក៏ជាការពង្រីកសក្តានុពលរបស់គុនល្បុក្កតោកម្ពុជាបន្ថែមទៀត ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការត្រៀមរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយពេលនេះមាន៦ទៅ៧ប្រទេសហើយ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។

នាដើមខែសីហាខាងមុខនេះ កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន៣០នាក់ទៅហ្វឹកហាត់បញ្ចសិលា នៅឥណ្ឌូណេស៊ី រហូតដល់ជិត ស៊ីហ្គេម ២០២៣តែម្តង។ ដើម្បីពង្រឹងគុណភាពទាំងការរៀបចំ និងបច្ចេកទេសរបស់អត្តពលិកឲ្យបានជោគជ័យ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអះអាងពីផែនការ នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ កម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាជើងឯកគុនល្បុក្កតោ និងបញ្ចសិលាអាស៊ីអាគ្នេយ៍ ដើម្បីតេស្តសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីរៀបចំការប្រកួតនៃប្រភេទកីឡាយុទ្ធគុនទាំងពីរនេះឲ្យកាន់តែជាក់ច្បាស់ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

ប្រភព: CAMBODIA 2023