ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។

ក្នុងពិធីបិទសន្និបាតនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អោយពង្រឹងសេវាទូរស័ព្ទ និង អ៉ីនធើណែត ទាំងនៅក្នុងទីក្រុង ហើយពង្រីកបន្ថែមនៅតាមខេត្តនានា ដើម្បីទាក់ទាញទេសចរណ៍ ព្រោះសម័យនេះគេអាចដើរលេងផងធ្វើការផងតាមរយៈអ៉ីនធើណែត។ លើសពីនេះដែរសម្តេចតេជោ បានមានប្រសាសន៍រាល់កម្មវិធីនានា សម្តេចតែងតែទូរស័ព្ទដៃ ភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសអោយការប្រើប្រាស់ Wifi ដោយសារតែសេវា អ៉ីនធើណែត Wifi យឺតពេក មិនអាចប្រើប្រាស់បាន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «សូមក្រុមហ៊ុននានា និងវិស័យពាក់ព័ន្ធ ត្រូវពង្រឹងសេវាទូរសព្ទ័អ៊ិនធឺណេត សេវាត្រូវតែពង្រឹង តាមតំបន់ទេសចរណ៍ ក្នុងក្រុង និងតាមជនបទ ព្រោះគេត្រូវទាក់ទងធ្វើការងារ គេដើរលេងផងធ្វើការផង»​ ៕