រដ្ឋធានីគៀវ៖ គ្រាប់ធញ្ញជាតិ ជាង២០លានតោន ជាប់នៅក្នុងកំពង់ផែអូដែសា (Odesa) និង ការបិទនូវការនាំចេញ កំពុងតែបង្កឲ្យមានវិបត្ដិស្បៀងអាហារ នៅលើពិភពលោក ក្រោយការផ្ទុះសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ ប៉ុន្ដែនៅពេលនេះ រុស្ស៊ី និង អ៊ុយក្រែន កំពុងតែចរចាគ្នា ស្វែងរកដំណោះស្រាយលើបញ្ហានេះ ក្រោមការសម្របសម្រួល ពីអង្គការសហប្រជាជាតិ និង តួកគី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែកក្កដា ថា ចាប់តាំងពីខែមីនា មក រុស្ស៊ី និង អ៊ុយក្រែន បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងកិច្ចចរចា ដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ ស្តីពីកិច្ចព្រមព្រៀង ដើម្បីបន្ធូរបន្ថយនូវបញ្ហាវិបត្តិស្បៀងអាហាររបស់ពិភពលោក បណ្តាលមកពីការបិទនូវការនាំចេញគ្រាប់ធញ្ញជាតិ ចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន។ ប៉ុន្តែភាគីជម្លោះទាំង២ នៅមិនទាន់ចរចាសន្ដិភាព ដើម្បីបញ្ចប់សង្រ្គាមនេះនៅឡើយ ខណៈការប្រយុទ្ធគ្នា នៅតែមានសភាពខ្លាំងក្លាឡើង នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន។

មន្រ្ដីអង្គការសហប្រជាជាតិ និង តួកគី បានបញ្ជាក់ថា កិច្ចប្រជុំកំពូល កាលពីថ្ងៃពុធ នៅទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី មានការចូលរួម ពីមន្ត្រីអ៊ុយក្រែន រុស្ស៊ី អង្គការសហប្រជាជាតិ និងតួកគី។ បន្ទាប់ពីការចរចាគ្នា អស់រយៈពេលជាង៣ម៉ោងរួចមក ក៏បានបញ្ចប់ទៅ ហើយភាគីពាក់ព័ន្ធនឹងជួបគ្នាម្តងទៀត នៅក្នុងប្រទេសតួកគី នាសប្តាហ៍ក្រោយ។

លោក អង់តូនីញ៉ូ ហ្គូទើររ៉ែស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបញ្ជាក់ ក្រោយកិច្ចប្រជុំនោះ ថា ការចរចា ស្ដីពីការអនុញ្ញាតដល់ការនាំចេញគ្រាប់ធញ្ញជាតិ បានផ្តល់នូវក្តីសង្ឃឹមយ៉ាងមុតមាំ នៅក្នុងការបន្ធូរបន្ថយនូវការឈឺចាប់របស់មនុស្ស និង កាត់បន្ថយនូវគ្រោះអត់ឃ្លាន នៅជុំវិញពិភពលោក។ ប៉ុន្តែលោកអគ្គលេខាធិការ ក៏បានព្រមានផងដែរថា ខណៈគាត់នៅតែមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងមួយនេះ គឺ«នៅមិនទាន់សម្រេចបានពេញលេញនៅឡើយ»។

នៅពេលមានការសាកសួរ អំពីលទ្ធភាព នៃការចរចាសន្ដិភាពបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែននោះ លោកប្រធានអង្គការសហប្រជាជាតិ បានព្រមានថា ជម្លោះនេះនៅតែបន្ដ រយៈពេលយូរ មុនពេលឈានដល់កិច្ចចរចាសន្ដិភាព ដើម្បីបញ្ចប់សង្គ្រាម។

ទោះជាយ៉ាងណា កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃពុធ នៅតែបន្ដបាញ់ផ្លោងពាសពេញខេត្តដូណែតស្ក៍ (Donetsk) ។ ក្រុងមូស្គូ មានគោលបំណង វាយដណ្ដើមកាន់កាប់តំបន់ឧស្សាហកម្មដុនបាស នាភាគខាងកើត ប្រទេសអ៊ុយក្រែន ទាំងស្រុង។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានដកស្រង់សម្ដី ពីមន្រ្ដីរបស់ក្រុមផ្ដាច់ខ្លួន នៅភាគខាងកើតរុស្ស៊ី បានបញ្ជាក់ថា ឥឡូវនេះ កម្លាំងទាហានរុស្ស៊ី បានចូលទៅដល់ទីក្រុងស៊ីវើសខ៍ (Siversk) ស្ថិតក្នុងខេត្តដូណែតស្ក៍ ហើយប្រហែលតែ២ទៅ៣ថ្ងៃទៀត អាចនឹងគ្រប់គ្រងតំបន់នេះទាំងមូល។ ផ្ទុយពីការអះអាងបែបនេះ កម្លាំងការពារទឹកដីអ៊ុយក្រែន បានអះអាងថា Siversk ស្ថិតនៅក្រោមការវាយប្រហារ ពីកាំភ្លើងធំ។ ប៉ុន្ដែកម្លាំងទាហានរុស្ស៊ី មិនអាចវាយប្រហារ រុលទៅមុខដោយថ្មើរជើងបានឡើយ៕

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិតួកគី ក៏បានបង្ហាញ ពីអារម្មណ៍រំភើបចិត្ត ចំពោះកិច្ចពិភាក្សា អំពីការនាំចេញគ្រាប់ធញ្ញជាតិ ទៅកាន់ពិភពលោក ផងដែរ។ នេះជាសញ្ញាមួយបង្ហាញថា កិច្ចព្រមព្រៀងចុងក្រោយ ស្តីពីការនាំចេញអាចនឹងត្រូវប្រកាស នៅសប្តាហ៍ក្រោយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCr5aObrg5Bus0QdWpIKjSKyWMeL4r82gYUmYQYCMQzk9_ZDqpq60oNVLO-VftgNyZ13IpsEwURET1GwXiEd9NkZ4uiu-If86HCR_C-pPbCii9aKU5Z-n0eKxa8i7HF0OU62arY8n13LA_vOsNt9z8-rMsF3mlAmiTaHgw7rCLS_JqxZq9hqsslU1Z/s813/photo_2022-07-14_09-04-32.jpg