រដ្ឋធានីកូឡុមបូ៖ ភាពវឹកវរ នៅស្រីលង្កា កំពុងតែផ្ទុះឡើងយ៉ាងខ្លាំង ក្រោយពេលសេដ្ឋកិច្ចរបស់ប្រទេសនៅលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ បានដួលរលំទាំងស្រុង ហើយបច្ចុប្បន្ន នាយករដ្ឋមន្រ្ដី បានចេញបញ្ជាដល់កងទ័ព និង ប៉ូលិស ឲ្យអ្វីដែលអាចធ្វើទៅបាន ដើម្បីរក្សាសណ្ដាប់ធ្នាប់។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ថា ការដាក់ប្រទេសឲ្យស្ថិតក្នុងគ្រាអាសន្ន ត្រូវបានប្រកាសឡើង ខណៈក្រុមបាតុករបដិសេធនាយករដ្ឋមន្ត្រី លោក រ៉ានីល វិកក្រែមេសិង្ហ (Ranil Wickremesinghe) ធ្វើជាប្រធានាធិបតី។ ក្រុមបាតុករ បានទាមទារលោកនាយករដ្ឋមន្រ្ដី និង លោក ហ្គោតាបយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ប្រធានាធិបតីស្រីលង្កា ដែលកំពុងតែរត់ ចេញពីប្រទេសនោះ ចុះចេញពីតំណែង។

ការតវ៉ាបានផ្ទុះឡើង នៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា បន្ទាប់ពីប្រធានាធិបតី លោក Gotabaya Rajapaksa បានរត់ភៀសខ្លួន ទៅកាន់ប្រទេសម៉ាល់ឌីវ តាមយន្តហោះយោធា។ ប៉ុន្តែប្រធានាធិបតីរូបនេះ និង នាយករដ្ឋមន្ត្រី នៅមិនទាន់បានប្រកាសលាលែង ចេញពីតំណែងជាផ្លូវការនៅឡើយ ខណៈមេដឹកនាំទាំង២នេះ បានដឹកនាំប្រទេស ឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ។

ក្រោយពេលប្រធានាធិបតី បានលួចចាកចេញពីប្រទេសស្រីលង្កា មិនបានប៉ុន្មានម៉ោងផង មន្ត្រីស្រីលង្កា បានអះអាងថា នាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ដោយលោក Gotabaya Rajapaksa ប្រធានាធិបតី ដែលរត់ចោលប្រទេស។

លោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេស នៅក្នុងគ្រាអាសន្ន ខណៈក្រុមបាតុករ បានចូលទៅកាន់កាប់ការិយាល័យរបស់នាយករដ្ឋមន្ត្រី និងទូរទស្សន៍របស់រដ្ឋ។ ប៉ុន្ដែនៅពេលនេះ លោកនាយករដ្ឋមន្រ្ដី បានចេញបញ្ជាឲ្យប៉ូលិស និង យោធា ធ្វើអ្វីដែលចាំបាច់ ដើម្បីរក្សាសណ្តាប់ធ្នាប់។

នៅក្នុងសុន្ទរកថាមួយ កាលពីរសៀល ថ្ងៃពុធ ប្រធានសភាជាតិស្រីលង្កា បានបញ្ជាក់ថា លោកប្រធានាធិបតី Rajapaksa នឹងដាក់លិខិតលាលែង ពីតំណែង នៅចុងបញ្ចប់ នៃថ្ងៃនេះ។ ប៉ុន្តែរហូតមកដល់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ហើយ លោកប្រធានាធិបតីស្រីលង្កា នៅមិនទាន់បានដាក់លិខិតលាលែង ពីតំណែងជាផ្លូវការនៅឡើយ៕