រដ្ឋធានីកូឡុំបូ៖ រហូតមកដល់ពេលនេះ ស្រីលង្កាកំពុងតែធ្លាក់ ចូលទៅក្នុងវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត ដោយខ្វះខាតទាំងស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំសង្កូវ ហើយប្រជាជននៅលើដែនកោះមួយនេះ បាននាំគ្នាទៅឡោមព័ទ្ធលំនៅឋានរបស់ប្រធានាធិបតី និង នាយករដ្ឋមន្រ្ដី រហូតបង្ខំឲ្យពួកគាត់ ភៀសខ្លួនចេញ ហើយប្រកាសលាលែងពីតំណែង ប៉ុន្ដែកងទ័ពរបស់ប្រទេសមួយនេះ បានបដិសេធនូវការបាញ់ប្រហារ ទៅលើក្រុមបាតុករ។

សារព័ត៌មាន India Today បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ថា កងទ័ពស្រីលង្កា កាលពីថ្ងៃអាទិត្យ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយអះអាងថា កងទ័ព មិនបានបាញ់ប្រហារ ទៅលើហ្វូងបាតុករ កាលពីថ្ងៃសៅរ៍ នៅឡើយ។

សេចក្តីថ្លែងការណ៍របស់កងទ័ពស្រីលង្កា បានបញ្ជាក់ថា «កងទ័ពបានបដិសេធយ៉ាងដាច់អហង្ការ ដោយមិនបានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករនោះទេ ប៉ុន្តែពួកគេគ្រាន់តែបាញ់ ចំនួនត្រឹមតែ២ទៅ៣គ្រាប់ ឡើងទៅលើអាកាស និង ចំហៀង នៃច្រកទ្វារចូលសំខាន់ៗ នៃបរិវេណផ្ទះរបស់ប្រធានាធិបតី តែប៉ុណ្ណោះ ដើម្បីរារាំង មិនឱ្យក្រុមបាតុករ ចូលមកខាងក្នុង។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋតួកគី Anadolu បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី១០ ថា កងទ័ពរបស់ប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យ បានទទួលស្គាល់ថា ទាហានបានបើកការបាញ់ប្រហារ នៅក្នុងអំឡុងពេលមានការតវ៉ា កាលពីថ្ងៃសៅរ៍។ ប៉ុន្តែកងទ័ពបានបដិសេធថា «សកម្មភាពរបស់កងទ័ព មិនមានចេតនា បង្កគ្រោះថ្នាក់ដល់ក្រុមបាតុករនោះទេ»។

លោក រ៉ានីល វិកក្រែមេសិង្ហ (Ranil Wickremesinghe) នាយករដ្ឋមន្រ្ដីស្រីលង្កា បានបញ្ជាក់ កាលពីខែមុនថា សេដ្ឋកិច្ចរបស់ប្រទេស នៅលើដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ បានដួលរលំទាំងស្រុងហើយ។ ចំណែកការចរចារបស់រដ្ឋាភិបាល ជាមួយនឹងមូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ IMF មានភាពស្មុគ្រស្មាញ ព្រោះបច្ចុប្បន្ន ស្រីលង្កាបានចូលទៅក្នុងការចរចា ជារដ្ឋក្ស័យធន។

ប្រទេសស្រីលង្កា បានប្រកាស កាលពីខែមេសា ថា រដ្ឋាភិបាលកូឡុំបូ កំពុងតែផ្អាកដល់ការសងប្រាក់កម្ចីបរទេស ដោយសារកង្វះរូបិយប័ណ្ណបរទេស។ ប្រាក់បំណុលបរទេសសរុបរបស់ស្រីលង្កា មានទំហំទឹកប្រាក់ ៥១ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយនៅក្នុងនោះ រដ្ឋាភិបាល នឹងត្រូវសងត្រឡប់ទៅម្ចាស់បំណុលវិញ មានទំហំទឹកប្រាក់២៨ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅត្រឹមដំណាច់ ឆ្នាំ២០២៧៕