បុរីញូវយ៉ក៖ ចំនួនប្រជាជនរបស់ពិភពលោក កំពុងតែកើនឡើង នៅក្នុងអត្រាមួយដ៏ទាបបំផុត ចាប់តាំងពីឆ្នាំ១៩៥០មក ដោយបានធ្លាក់ចុះ ក្រោម១ភាគរយ នៅក្នុងឆ្នាំ២០២០ ហើយចិនជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ប៉ុន្ដែបើតាមអង្គការសហប្រជាជាតិ ហៅកាត់ UN បានចេញរបាយការណ៍ថ្មីមួយ ព្យាករថា ឥណ្ឌា នឹងក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើភពផែនដីនេះ នៅត្រឹមឆ្នាំ២០២៣។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១១ ខែកក្កដា ថា បើតាមរបាយការណ៍មួយ ចេញដោយអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ នេះ បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋរបស់ពិភពលោក ត្រូវបានព្យាករ កើនដល់៨ពាន់លាននាក់ នៅត្រឹមពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២២២។ ចំណែកឥណ្ឌា នឹងក្លាយជាប្រទេស មានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ដោយវ៉ាដាច់ប្រទេសចិន នៅត្រឹមឆ្នាំ២០២៣។

ទស្សនវិស័យ ចំនួនប្រជាជនរបស់ពិភពលោក ឆ្នាំ២០២២ ចេញដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និង សង្គមរបស់អង្គការសហប្រជាជាតិ បានអះអាងថា ចំនួនប្រជាជនរបស់ពិភពលោក ត្រូវបានគេព្យាករថា នឹងកើនឡើងដល់៨ពាន់លាននាក់ នៅត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាម Wikipedia បានឲ្យដឹងថា ស្ថិតិ នៅក្នុងឆ្នាំ២០១៨ ឥណ្ឌា មានប្រជាពលរដ្ឋ សរុប ជាង ១ ៣៥២លាននាក់ ហើយប្រទេសអាស៊ីខាងត្បូងមួយនេះ មានផ្ទៃដីសរុប ៣ ២៨៧ ២៦៣គីឡូម៉ែត្រការ៉េ និង មានផលិតផលសរុប (GDP) នៅឆ្នាំ២០២២ ចំនួន ១១,៧៤៥ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែក ចិន វិញ បើតាមស្ថិតិ នៅក្នុងឆ្នាំ២០២១ មានប្រជាពលរដ្ឋសរុប ជាង ១ ៤១២លាននាក់។ ចិន មានផ្ទៃដីសរុប ៩ ៥៩៦ ៩៦១គីឡូម៉ែត្រការ៉េ (តាម Wikipedia) និង ព្រំដែនជាប់ជាមួយនឹងប្រទេស ចំនួន១៤ ហើយប្រទេសមហាយក្សអាស៊ីមួយនេះ មានផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២២ ចំនួន ៣០,១៨ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក៕