រាជធានីបាងកក៖ ស្របពេលបណ្ដាប្រទេសនានា នៅក្នុងតំបន់ និង នៅលើពិភពលោក កំពុងតែបង្កើននូវការចំណាយ ទៅលើវិស័យការពារជាតិនោះ កងទ័ពជើងទឹកភូមិន្ទថៃ ក៏បានចំណាយថវិកាជាតិ រហូតដល់៤ពាន់លាន សម្រាប់ការទិញយន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូនទំនើបៗ យកទុកការពារប្រទេសរបស់ខ្លួន។

សារព័ត៌មាន The Nation បានចេញផ្សាយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ថា កងទ័ពជើងទឹកភូមិន្ទថៃ ហៅកាត់ RTN នឹងចំណាយថវិកាជាតិ រហូតដល់៤ពាន់លានបាត (លុយថៃ) ឬស្មើនឹងប្រហែលជាង ១១៣,៣៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការទិញដ្រូន ចំនួន៧គ្រឿង មកពីក្រុមហ៊ុនមួយ មានមូលដ្ឋាន នៅក្នុងប្រទេសអ៊ីស្រាអែល។

លោកឧត្ដមនាវីឯក ប៉ូកក្រុង ម៉ុនហាតផាលីន (Pokkrong Monhatphalin) កាលពីថ្ងៃសុក្រ ទី១ខែកក្កដា បានប្រកាស អំពីអ្នកឈ្នះលើការដេញថ្លៃ សម្រាប់ប្រព័ន្ធដ្រូន បន្ទាប់ពីលោក វ៉ូរ៉ាគៀត រតនាណុន (Worakiat Rattananon) លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការពារជាតិ បានចុះហត្ថលេខាលើការអនុម័ត កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ។

លោកឧត្ដមនាវីឯក បានបញ្ជាក់ថា កិច្ចសន្យានេះ កំពុងតែធ្វើសេចក្ដីព្រាង ហើយរំពឹងថា នឹងចុះហត្ថលេខា នៅក្នុងរយៈពេល៣០ថ្ងៃទៀត។ ដោយឡែកក្រុមហ៊ុនរបស់អ៊ីស្រាអែល ឈ្មោះ អែលប៊ីត (Elbit) បានផលិតដ្រូន ចំនួន២ម៉ូដែល រួមមាន Hermes 900 និង Hermes 450 ។ ប៉ុន្ដែកងទ័ពជើងទឹកថៃ នឹងទទួលបានដ្រូន ប្រភេទ Hermes 900 ចំនួន៧គ្រឿង។ នេះបើតាមក្រសួងការពារជាតិថៃ បញ្ជាក់៕