រដ្ឋធានីគៀវ៖ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ មេដឹកនាំបារាំងបានប្រាប់ដល់សម្ពន្ធមិត្តលោកខាងលិច ថា ក្រុងបារីស នឹងផ្ដល់កាំភ្លើងផ្លោងស្វ័យប្រវត្ដិ ជាច្រើនគ្រឿងបន្ថែមទៀត ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១ ខែកក្កដា ថា លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macon) ប្រធានាធិបតីបារាំង បានបញ្ជាក់ថា កិច្ចប្រជុំសម្ពន្ធមិត្តណាតូ នៅក្នុងរាជធានីម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នេះ បានសម្រេចចិត្តជាឯកច្ឆន្ទ នៅក្នុងការបង្កើននូវកិច្ចគាំទ្រផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និង យោធា សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ បច្ចុប្បន្ន សម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ កំពុងតែកៀកស្មាគ្នា ដើម្បីឆ្លើយតបនឹងសង្គ្រាមនេះ។ ចំណែកប្រទេសបារាំង ក៏នឹងផ្ដល់កាំភ្លើងផ្លោង ប្រភេទ សេសា (Caesar) ចំនួន៦គ្រឿង និង រថចម្បាំងមួយចំនួនបន្ថែមទៀត ជួយដល់ក្រុងគៀវ។

នៅក្នុងគោលបំណងជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ី នោះ ប្រធានាធិបតីបារាំង ក៏បានប្រកាសថា ប្រទេសរបស់លោក នឹងផ្គត់ផ្គង់គ្រឿងសព្វាវុធយ៉ាងឆាប់រហ័ស ជួយដល់ប្រទេសហែកហួរដោយសង្រ្គាម តាមតម្រូវការ សម្រាប់ការពារប្រទេសរបស់ពួកគេ រួមទាំង រថពាសដែកដ៏ច្រើនសន្ធឹកសន្ធាប់ និង កាំភ្លើងផ្លោង Caesar ចំនួន៦គ្រឿងបន្ថែមទៀត។ លោកប្រធានាធិបតី បានធានាបន្ថែមទៀតថា បារាំងរួមជាមួយសម្ពន្ធមិត្ត និង ដៃគូ មកពីអឺរ៉ុប នឹងនៅទីនោះ ជាមួយប្រជាជនអ៊ុយក្រែន រហូតដល់សង្គ្រាមនេះ ត្រូវបានបញ្ចប់៕