ប្រទេសថៃ៖ មានហេតុការណ៍ដ៏គួរឱ្យហួសចិត្តមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍ប៉ូលិស រួចប្រាប់ឱ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនគេទៅដាក់គុកជាមួយមិត្តភ័ក្តិរបស់គេនៅទីនេះ ព្រោះគេអះអាងថា ក្នុងគុកងាយស្រួសរកថ្នាំញៀនប្រើប្រាស់ ដោយសារតែពេលនេះគេពិបាកក្នុងខ្លួន គ្មានថ្នាំញៀនជក់បន្ត។

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៥:០០ ល្ងាច នៅប៉ុស្តិ៍ប៉ូលីស Bang Yai ឃុំ Sao Thong Hin ស្រុក Bang Yai ខេត្ត Nonthaburi  មានបុរសម្នាក់មានរោគសញ្ញាស្រដៀងនឹងមនុស្សញៀនថ្នាំ អង្គុយនៅមុខសណ្ឋាគារ នៅចំពោះមុខ ប៉ុស្តិ៍ ប៉ូលិស Bang Yai ។ ក្នុងនោះដោយមានការសង្ស័យក្រុមប៉ូលិសក៏ទៅសួរនាំ ទើបដឹងថាបុរសរូបនោះមាន ឈ្មោះថា ព្រីនញ្ញា អាយុ ៣៤ឆ្នាំមុខរបរមិនច្បាស់លាស់ មានសភាពជាអ្នកញៀនថ្នាំ និយាយមិនសូវដឹងរឿង ហើយគេបានមកដល់ប៉ុស្តិ៍ ប៉ូលិសនេះគឺដើម្បីសុំឱ្យប៉ូលិសចាប់ខ្លួនគេដាក់គុកជាមួយមិត្តភ័ក្តិដែលបានជាប់នៅក្នុងគុក។ ជាមួយគ្នានោះផងដែរពេលដែលក្រុមប៉ូលិសសួរនាំចុះឡើង ទើបគេសារភាពថា​គេតែងតែលេបថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ២ ទៅ៣ គ្រាប់ក្នុងមួយថ្ងៃ មិនតែប៉ុណ្ណោះគេបានបន្ថែមថារូបគេបានប្រើថ្នាំញៀន ៣ គ្រាប់រួចហើយកាលពីម្សិលមិញ ដោយបានបញ្ជាក់ថាទិញវាក្នុងតម្លៃ ១២០ បាតក្នុងមួយគ្រាប់ថែមទៀតផង។ដូច្នេះហើយទើបខ្លួនចង់ជាប់គុកព្រមទាំង ចង់មកជួបជាមួយមិត្តភ័ក្តិក្នុងពន្ធនាគារ  ដោយសារគេដឹងថាក្នុងគុកងាយស្រួសរកថ្នាំញៀនប្រើប្រាស់ ព្រោះតែពេលនេះគេពិបាកក្នុងខ្លួន ដោយសារតែគ្មានថ្នាំញៀនជក់បន្ត។

យ៉ាងណាមិញសមត្ថកិច្ចបន្ទាប់ពីដឹងរឿងរ៉ាវ និងមូលហេតុដែលគេចង់ជាប់គុករួចមកលោក វរសេនីយ៍ទោ Songkhram Buaphan អធិការស៊ើបអង្កេតនៅ ប៉ុស្តិ៍ ប៉ូលិស Bang Yai បាន និយាយថាប៉ូលិសកំពុងតែស៊ើបអង្កេតបន្ថែម និងអនុវត្តតាមជំហាន ដោយត្រូវយកបុរសរូបនេះទៅធ្វើតេស្តរកសារធាតុញៀន បើរកឃើញថាមានសារធាតុញៀនពិតប្រាកដ នឹង ចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត៕ ប្រភព៖ Sanook