លោកអ្នកប្រាកដជាធ្លាប់បានដឹងមកហើយអំពីជំងឺក្រពះ ដែលជាជំងឺទូទៅមួយប្រភេទកើតឡើងចំពោះមនុស្សគ្រប់វ័យ ។ ដោយជំងឺនេះបណ្ដាលមកពីកត្តាជាច្រើន រួមទាំងការបរិភោគអាហារមិនទៀងទាត់ក៏ដូចជាការតមអាហារដោយទុកក្រពះទទេរហូតដល់ក្រពះបាត់បង់តុល្យភាពអាស៊ីតក្នុងក្រពះ ហើយនាំឲ្យខូចស្រទាប់ក្រពះរហូតវិវត្តន៍ទៅជាជំងឺក្រពះរ៉ាំរ៉ៃ ក៏ដូចជារលាកក្រពះជាដើម ។

បើយោងទៅតាមលោកវេជ្ជបណ្ឌិត Wachiraphong Ekpaiboon ជាវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន និងជំងឺថ្លើមនៃមន្ទីរពេទ្យ World Medical Hospital (WMC) បានបញ្ជាក់ថា ជំងឺក្រពះ ភាគច្រើនត្រូវបានបង្កឡើងដោយ មេរោគ Helicobacter Pylori (H. Pylori) ដែលជាបាក់តេរីមួយប្រភេទដអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន តាមរយៈការចែករំលែកអាហារបរិភោគ របស់ប្រើប្រាស់ ទឹកដែលមានមេរោគ និងការចម្អិនអាហារមិនឆ្អិនល្អជាដើម ។ ដោយវាចូលទៅក្នុងខ្លួនរបស់មនុស្ស និងរស់នៅក្នុងបំពង់រំលាយអាហារ បន្ទាប់ពីច្រើនឆ្នាំ ពួកវាអាចបណ្តាលឱ្យមានដំបៅ ដែលត្រូវបានគេហៅថាដំបៅនៅក្នុងស្រទាប់ក្រពះ ឬផ្នែកខាងលើនៃពោះវៀនតូច។ ទើបជាហេតុបណ្តាលឱ្យអ្នកជំងឺមានជំងឺរលាកក្រពះដែលអាចវិវត្តទៅជាជំងឺដំបៅក្រពះ ឬដំបៅនៅក្នុង duodenum រួមទាំងជំងឺមហារីកក្រពះផងដែរ។

ជាធម្មតា អ្នកដែលឆ្លងមេរោគ H.Pylori គឺមិនមានរោគសញ្ញាអ្វីគួរឲ្យគត់សម្គាល់នោះទេ។ ប៉ុន្តែចំពោះអ្នកជំងឺមួយចំនួន រោគសញ្ញាអាចត្រូវបានគេសង្កេតឃើញដូចខាងក្រោម៖
– ឈឺចាប់ ឬក្រហាយក្នុងពោះខាងលើផ្ចិត
– ឈឺចាប់ធ្ងន់ធ្ងរនៅពេលពោះទទេ ឬបន្ទាប់ពីការទទួលទានអាហារ
– មានអាការៈ ចង្អោរ , ក្អួត
– ហើមពោះញឹកញាប់
– មិនឃ្លានអាហារ
– និង ការស្រកទម្ងន់ដែលមិនអាចពន្យល់បាន
ប៉ុន្តែក្នុងករណីមានការរលាកធ្ងន់ធ្ងរ លោកអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលា៕Iran, Japan start collaboration on stomach cancer studies - Tehran Times