ខេត្តស្ទឹងត្រែង៖ រថយន្តបែនដឹកដីបើកបរជែងមិនគោរពផ្លូវអទិភាព បានទៅបុកម៉ូតូសិស្សសាលាបណ្តាលឲ្យបងប្អូន៣នាក់ម្នាក់ជាសិស្សនិង២នាក់ធ្វើកម្មករសំណង់បណ្តាលឲ្យស្លាប់ភ្លាមៗ២នាក់និងម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីនេះឪពុកជនរងគ្រោះស្នើឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើអ្នកបើកបរថយន្តឱ្យខានតែបាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២នៅចំណុចតាដុងតាដាំ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែង។

លោក ស៊ី សុខឃី អាយុ៥១ឆ្នាំបានឲ្យដឹងថា កូនរបស់គាត់ទាំង៣នាក់មានទី១.ឈ្មោះស៊ី ម៉ាលីសាន់ ភេទស្រី អាយុ២៣ឆ្នាំ,ទី២.ឈ្មោះស៊ី លីដា ភេទស្រី អាយុ១៧ឆ្នាំ និងទី៣.ឈ្មោះ ស៊ី កញ្ញា ភេទស្រី អាយុ ១៦ឆ្នាំ(សិស្ស)រៀនថ្នាក់ទី៧ បងប្អូនទាំង៣នាក់រស់នៅភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តបែនពណ៌សពាក់ស្លាកលេខត្បូងឃ្មុំ 3 -A1604 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្រោយបង្កហេតុបុកម៉ូតូជនរងគ្រោះហើយ បានចុះរត់គេចខ្លួនបាត់ស្រមោល គ្រាន់តែគេដឹងថារថយន្តនោះមានដាក់ឈ្មោះលើកញ្ចក់រថយន្តថាឈ្មោះ លុន សុផែង។

លោកស៊ី សុខឃី ត្រូវជាឪពុកជនរងគ្រោះបានស្នើទៅដល់សមត្ថកិច្ចពាក់ព័ន្ធឲ្យជួយរកយុត្តិធម៌ដល់កូនរបស់គាត់ ដែលត្រូវបានរថយន្តបែនដឹកដី ជែងមិនគោរពផ្លូវអទិភាពទៅបុកខាងស្តាំដៃកូនរបស់គាត់បណ្ដាលឲ្យស្លាប់ទាំងបីនាក់ សូមឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានចុះវាស់វែងនាំយករថយន្តបង្កនិងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕