មានហេតុការដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយបុរសម្នាក់បានយកពស់ថ្លាន់មករុំកលេងដើរបង្អួតអ្នកជិតខាង រហូតត្រូវសត្វពស់ថ្លាន់ដ៏ធំនោះរឹតកស្ទើរស្លាប់ស្ទើររស់ និងដួលទៅលើដី ទើបអ្នកភូមិរត់ទៅជួយទាន់ពេលវេលា។​

ទាក់ទងនឹងហេតុការណ៍មួយនេះផងដែរ បានកើតឡើងនៅក្នុងប្រទេស ឥណ្ឌូនេស៊ី ដោយហេតុការណ៍ត្រូវបានគេរាយការណ៍មកថា មានបុរសម្នាក់ បានចាប់សត្វពស់ថ្លាន់ ប្រវែង ១ម៉ែត្រ ដែលបានវាចូលទៅក្នុងផ្ទះរបស់លោក។ ឃើញដូចនោះគេក៏បានចាប់ពស់ថ្លាន់ដ៏ធំមួយក្បាលនោះដាក់លើកឱ្យវារុំលេង ព្រមទាំងយកទៅបង្អួតអ្នកជិតខាងយ៉ាងសប្បាយរីករាយ ហា​នយកជីវិតទៅប្រឡែងលេងជាមួយនឹងវាដោយមិនខ្លាចពីគ្រោះថ្នាក់ ឬបញ្ហាបង្កពីសត្វមួយប្រភេទនេះ ។ តែអ្វីដែលមហាជនគិតថាវាអាចនឹងគ្រោះថ្នាក់ ក៏បានកើតឡើងភ្លាមៗទៅលើបុរសក្លាហានម្នាក់នោះ ព្រោះពស់ថ្លាន់នៅលើស្មាបានរឹតករបស់គាត់យ៉ាងណែន ធ្វើឱ្យបុរសដែលជាជនរងគ្រោះថប់ដង្ហើមជាខ្លាំង ភ្លាមនោះអ្នកជិតខាងក៏បានស្រែកឆោឡោឡើង ខណៈពស់កំពុងតែរឹតកទាល់តែជនរងគ្រោះបាត់មាត់បាត់ក ដួលទៅលើដីមិនអាចជួយខ្លួនឯងបាន។ ជាមួយគ្នានោះវាក្លាយជាពេលវេលាដ៏ធ្ងន់ធ្ងរ និងតក់ស្លុតជាខ្លាំង រហូតអ្នកជិតខាងពីរនាក់ប្រញាប់ប្រញាល់ចូលទៅជួយជាបន្ទាន់ក្រោយពីឃើញបុរសរងគ្រោះជួយខ្លួនឯងលែងបាន និងមានសភាពធ្ងន់ធ្ងរ។

ជាសំណាងល្អអ្នកជិតខាងពីរនាក់នោះបានជួយយកពស់ចេញពីករបស់គាត់បានទាន់ពេលវេលា មុនពេលគាត់ថប់ដង្ហើមស្លាប់។ ប៉ុន្តែបន្ទាប់ពីជួយសង្គ្រោះបានដោយសុវត្តិភាពហើយពស់ថ្លាន់នោះក៏បានព្យាយាមរត់គេច តែបុរសដែលជាជនរងគ្រោះ បានទាញដំបងតាមវាយប្រហាវាបន្ថែមទៀត។

យ៉ាងណាមិញបន្ទាប់ពីមហាជនបានឃើញនូវហេតុការណ៍នេះរួចមកក៏មានការរិះគន់ខ្លាំងៗទៅលើបុរសរូបនោះ ពីទង្វើមិនសមរម្យ និង ការយកសត្វពស់ថ្លាន់មកលេងខុសរបៀប ដែលវាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា៕ ប្រភព៖ Kapook