អាហ្វហ្គានីស្ថាន​៖ ពិតជាគួរឱ្យសង្វេគ និងក្លាយជាសោកនាដកម្ម ក្រោយពីមានហេតុការណ៍នៃគ្រោះរញ្ជួយដីកម្រិត ៦.១ វ៉ិចទ័រ នៅក្នុងប្រទេសអាហ្វហ្វានីស្ថាន និងមានរបាយការណ៍បានបន្ថែមថារកឃើញអ្នកស្លាប់កើនឡើងរហូតដល់១,០០០នាក់ និងមានអ្នករងរបួស រហូតដល់១,៥០០នាក់បន្ថែមទៀត។

កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ មានរបាយការណ៍បានឱ្យដឹងថាប្រទេសអាហ្វហ្គានីស្ថានបានជួបនូវ គ្រោះមហន្តរាយ ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៦.១វ៉ិចទ័រ  ក្នុងនោះការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយពីឆ្នេរសមុទ្រពីទីក្រុងនៃប្រទេសអាហ្វហ្គានីស្ថាននៅជិតព្រំដែនប៉ាគីស្ថានប្រហែល ៤៤ គីឡូម៉ែត្រ និងមានជម្រៅ ៥១ គីឡូម៉ែត្រពីផ្ទៃដី ហើយវាបានវាយប្រហាខ្លាំងជាងគេនៅក្នុងខេត្ត  Paktica ដែលជាខេត្តស្ថិតក្នុងតំបន់ដាច់ស្រយាល។

ការរញ្ជួយដីនេះវាបានអង្រួនប្រទេសអាហ្វហ្គានីស្ថានជាខ្លាំង ដោយឥទ្ធិពលរញ្ជួយនេះ បានធ្វើឱ្យប៉ះពាល់ដល់៣ប្រទេស ​រួមមាន ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ព្រមទាំងបានប៉ះពាល់ដល់មនុស្ស១១៩លាននាក់។ ប៉ុន្តែវាបានប៉ះពាល់ប្រទេសអាហ្វហ្គានីស្ថានខ្លាំងជាងគេ ​ដោយការរាយការណ៍ដំបូងបានឱ្យដឹងថា​ គ្រោះរញ្ជួយដីមួយនេះបានធ្វើឱ្យមានការខូចខាតជាច្រើន ដូចជា អគារ ផ្ទះ ត្រូវបាក់ដួលរលំសង្កត់មនុស្សជាច្រើននាក់ និងបានបណ្ដាលឱ្យមនុស្សស្លាប់ ២៨០នាក់ ប៉ុន្តែរបាយការណ៍បន្ថែមក្រោយមានក្រុមអ្នកជួយសង្គ្រោះទៅដល់ទីតាំងរងគ្រោះខ្លាំងជាងគេ ហើយបានធ្វើការរុករកសព និងជនរងគ្រោះបន្ថែម ក៏បានរកឃើញចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,០០០នាក់ និងអ្នករងរបួសមានចំនួន១,៥០០នាក់។

គួរបញ្ជាក់ផងដែរថាគ្រោះមហន្តរាយនេះបានកើតឡើងនៅពេលដែលប្រទេសអាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងការដួលរលំសេដ្ឋកិច្ច បន្ទាប់ពីពួកតាលីបង់បានកាន់កាប់ប្រទេស ហើយយោធាអាមេរិកក៏បានដកខ្លួនចេញពីអាហ្វហ្គានីស្ថាន។ ជាលទ្ធផល សហគមន៍អន្តរជាតិភាគច្រើនបានដកហូតជំនួយដល់ស្ថាប័នហិរញ្ញវត្ថុអាហ្វហ្គានីស្ថាន ដោយសារតែពួកគេមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់គ្រប់គ្រងពេលបច្ចុប្បន្ន៕ ប្រភព៖ Khaosod