ភ្នំពេញ៖ លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត និងជាតារាសំដែង បានប្រកាសយកខ្សែភាពយន្ដដែលលោកបានផលិតដោយផ្ទាល់ដៃមានចំណងជើងថា «គ្រោះ​ជីវិត​កូវីដ ១៩» ហើយបានផ្លាស់ប្ដូរចំណងជើងវិញថា «សង្រ្គាមអនឡាញ» យកមកចាក់បញ្ចាំងនៅលើគេហទំព័រយូធូប (Youtube) ជាសាធារណៈ ក្រោយបរាជ័យក្នុងការចាក់បញ្ចាំងនៅតាមរោងភាពយន្ដគ្រប់បណ្ដាខេត្ត ក្រុង ដែលនាំឲ្យខាតបង់ប្រាក់ចណូលរាប់ម៉ឺនដុល្លារ។

ផលិតករ និងជាតួឯកក្នុងខ្សែភាពយន្តខ្មែរល្បីៗដូចជា ដើម្បីកូន វិកលចរិត, ធ្មប់ និងទារុណកម្មខ្មោច លោក ហ៊ុយ យ៉ាឡេង បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ «សង្រ្គាមអនឡាញ ភាពយន្តនេះចាយលុយផលិត៨ម៉ឺនដុល្លារ រកចំណូលពីរោងកុនបានត្រឹម៦ពាន់ដុល្លារតែប៉ុណ្ណោះ ដូចនេះដើម្បីបានថវិការផលិតបន្តរទៀត ខ្ញុំមានតែបង្ហោះភាពយន្តនេះជាសាធារណៈហើយប្តូរចំណងជើងមកជាសង្រ្គាមអនឡាញវិញ ភាពយន្តនេះតាមការសង្កេតទស្សនិកជនមិនទៅមើលព្រោះតែមិនចង់រំឮកឈ្មោះនិងការឈឺចាប់ពីកូវីត១៩ តែតាមពិតភាពយន្តនេះមិនដូច្នោះឡើយ ដើម្បីបង្ហាញអោយបងប្អូនដឹងមានតែចាក់ជូនបងប្អូនជាសាធារណៈ បងប្អូនមើលហើយពេញចិត្តសូមបរិច្ចាកតាមសុធាជ្រាសថ្លា»។

គួររំលឹកដែលថា លោក ហ៊ុយ យ៉ាឡេង ធ្លាប់បាន​ប្រាប់សារព័ត៌មានក្នុងស្រុកពី​មូលហេតុ និង​ដំណើរ​នៃ​ការ​ផលិត​កុន​​​ ដែល​ចំណាយ​ទុន​សរុប​​ចំនួន​ ៨ ម៉ឺន​ដុល្លារ ​(ចំណាយ​​ថត ៧ ម៉ឺន​ដុល្លារ និង​ចាយ​ ១ ម៉ឺន​ដុល្លារ ​ផ្នែក​ទីផ្សារ​ផ្សព្វផ្សាយ)​​ ថា​៖ «​មូលហេតុ​ ដែល​ខ្ញុំ​​ផលិត​​ខ្សែ​ភាពយន្ត​រឿង ​«គ្រោះ​ជីវិត​កូវីដ ១៩» នេះ​ឡើង​​ដោយសារ​ជំងឺ​​​កូវីដ​ ១៩ ជា​វិបត្តិ​សកល​​ពិភព​​លោក​​បាន​​ជួប​ប្រទះ​នៅ​​ចុង​ឆ្នាំ​ ២០១៩ ដែល​​មនុស្ស​គ្រប់​រូប​​គួរ​តែ​ចងចាំ​។ ​ម្យ៉ាង​​ទៀត ​​​ការ​រៀបចំ​​​ផលិ​ត​​កុន​​នេះ ដោយសារ​តែ​​​មាន​​វិបត្តិ​​កូវីដ​ ១៩ ហើយ​​រោងកុន​​នានា​ក៏​​ត្រូវ​បាន​បិទ​​ទ្វារ​​ទៀត​។ កុន​នេះ​​បាន​​​​ថត​ ២ ​ដំណាក់​​កាល​ គឺ​​​ដំណាក់កាល​ទី​១​ ​​ពេល​​​​​បិទ​ខ្ទប់ទី​ក្រុង​​ឆ្នាំ​ ២០២១ និង​ដំណាក់កាល​ទី​២​​ ថត​ នា​​ពេល​​ជំងឺ​​កូវីដ​​មាន​ស្ថានភាព​ប្រសើរ​បន្តិច និង​ត្រូវ​​គេ​អនុញ្ញាត​ឱ្យ​ដើរ​​​ហើរ​វិញ​នោះ។ ​សាច់​រឿង​ថត​​​ចប់​​ត្រឹម​​ពេល​​មាន​​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ធំ​​ ដែល​ប្រើ​ពេល​​ថត​ ១ ​ខែ​​ ហើយ​​​​យើង​ក៏​​​បាន​​​ទុក​ពេល​​ចោល​​ជិត​ ២ ឆ្នាំ» ៕