ភ្នំពេញ៖ បុរសជាជនអនាថា ម្នាក់ បានបាត់ខ្លួនប្រហែលជា១សប្តាហ៍ ស្រាប់តែប្រជានេសាទ ប្រទះឃើញ សពហើមស្អុយ រលួយ ក្នុងកង់រថយន្ត។ ហេតុការណ៍ប្រទះឃើញនេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីមល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្បែរច្រាំងទន្លេសាប ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលារសៀលនោះ គាត់បានចោលភ្នែក នៅលើផ្ទៃទឹក បានប្រទះឃើញកង់រថយន្តមួយអណ្តែតទឹក នៅចម្ងាយប្រមាណ ៥ ម៉ែត្រពីច្រាំង ដោយ ឃើញសពបុរសម្នាក់ នៅក្នុងកង់រថយន្ត ឡើងហើមស្អុយរលួយទៅហើយ។ បន្ទាប់ពីប្រទះឃើញសព ពលរដ្ឋ ក៏បានរាយការណ៍ទៅប្រធានភូមិ ទាក់ទង់ទៅសម្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

អ្នកភូមិ បានឱ្យដឹងទៀតថា ៖ សពជាមនុស្សអនាថា ញៀនថ្នាំ ស្នាក់នៅក្នុងខ្ទមតែម្នាក់ឯង។ សាកសពបុរសនោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណពិតប្រាកដឡើយ ជាមនុស្សអនាថា ដែលអ្នកស្រុកហៅខ្មៅ អាយុប្រហែលជាង ៣០ ឆ្នាំ ស្នាក់នៅខ្ទម ក្បែរមាត់ច្រាំងទន្លេសាប កន្លែងកើតហេតុ។ រយៈពេលប្រមាណ ១អាទិត្យ មកហើយ បុរសនេះ បានបាត់ខ្លួន ពុំឃើញនោះទេ ទើបតែថ្ងៃនេះ ត្រូវគេប្រទះឃើញសព អណ្តែតទឹក ដោយស្អុយរលួយទៅហើយ។

សមត្ថកិច្ច ពិនិត្យ រកពុំឃើញមានស្នាកស្នាមឡើយ។ ជើងខាងឆ្វេងសព គងលើសំបកកង់រថយន្ត ស្ថានភាពសាកសព ហើមស្អុយរលួយ របកស្បែក រលេសរលួយ។ បន្ទាប់ពីត្រួតពិនិត្យ សមត្ថកិច្ច ពុំអាចសន្និដ្ឋានបានថា បុរសនោះ ស្លាប់ដោយសារអ្វីឡើយ៕