ភ្នំពេញ៖ រថយន្ដ​ទំនេីប​ Lexus 570 សេរី​ឆ្នាំ​ ២០១៨​ ដែល​ជាកម្មសិទ្ធិរបស់​លោកឧត្ដមសេនីយ៍​ឯក​ អ៉ិន​ រស្មី​ឬទ្ធា​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​មន្ត្រី​គយចល័ត​ចាប់នៅក្បែ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ចុងសប្ដាហ៏​កន្លងទៅ​ ដោយសារ​តែ​រថយន្ត​នោះប្រេីលេខក្លែងក្លាយ​ និង​គ្មាន​ពន្ធនាំចូល​ ខណៈការចាប់​រថយន្ដ​នេះ​គឺដេីម្បី​អោយម្ចាស់​រថយន្ត​ចូល​ខ្លួន​មកបង់ពន្ធ​តាមច្បាប់​។

សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។

បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមរយៈបណ្តាញព័ត៌មានលាប់បានអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនទទួលបានការអនុគ្រោះ១០%ដូចមុនឡើយ ៕