ខេត្តត្បូងឃ្មុំ៖ សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាមនៅព្រឹកថ្ងៃចន្ទនេះ បានឯកភាពគ្នាថា គ្រោងនឹងបង្កើតច្រកព្រំដែនអន្តរជាតិមួយនៅតំបន់កោះថ្ម ឬតំបន់ X16 ក្នុងខេត្តត្បូងឃ្មុំ ទៅជាច្រកអន្តរជាតិមួយ ដើម្បីបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំង២។

ការឯកភាពនេះ ធ្វើឡើងខណៈដែលសម្តេចតេជោ និងនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទនេះ៕

សម្តេចតេជោ ហ៊ុន សែន បន្តថា«កម្ពុជា និង វៀតណាម នឹងបើកច្រកព្រំដែនខេត្តត្បូងឃ្មុំ ទៅជាច្រកអន្តរជាតិមួយពេលនេះយើងកំពុងធ្វើផ្លូវ ប្រសិនបើយើងបើកបាន តំបន់នេះនឹងធ្វើឱ្យប្រទេសទាំង ២ កាន់តែជិតស្និតជាមួយគ្នា និងធ្វើឱ្យច្រកពាណិជ្ជកម្ម រវាងប្រទេសទាំង ២ កាន់តែរីកចម្រើនខ្លាំង»៕