ខេត្តសៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រកាសផ្ដល់ទឹកចំនួន១.០០០ដុល្លារ (មួយពាន់ ដុល្លារអាមេរិក) ទៅដល់ជនណាដែលបានរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើស ពាក់ព័ន្ធនឹងករណីលួចកាប់ដើមគ្រញូង ៤ដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ នៅក្នុងចម្ការពូជឈើគ្រញូង ខេត្តសៀមរាប។

យ៉ាងណាមិញយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានធ្វើការសូមអំពាវនាវដ៏ទទូចចំពោះ សាធារណជនដែលបានស្គាល់ ដឹង ដំណឹង ពាក់ព័ន្ធនិងជនល្មើសហើយបានរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើស បាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជូនរង្វាន់ជាប្រាក់ចំនួន ១.០០០ដុល្លារ (មួយពាន់ ដុល្លារអាមេរិក ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ជូនមិនអោយមានបញ្ហាដល់អ្នកផ្តល់ព័ត៌មានខាងលើនេះ ឡើយ ។ សូមទំនាក់ទំនងផ្តល់ព័ត៌មានមកលេខទូរស័ព្ទ ០៩២ ២២.៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤ (លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប) និងរងចាំទទួលគ្រប់ពេលវេលា។

គួរជម្រាបដែលថា ចម្ការពូជឈើគ្រញូងដែលមានទំហំ ១.៨៨០ ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំ កន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបត្រូវបានគ្រប់គ្រងនិងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនទិចព្រៃឈើ តំបន់លំហែកំសាន្តនិងសម្រាប់ស្រាវជ្រាវវិទ្យា សាស្ត្រ ។ ដោយតំបន់នេះមានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចេញប្រកាសលេខ៦០២ ប្រក.កសកទទួលស្គាល់ ជាតំបន់ស្តារនិងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ ខែកញ្ញាឆ្នាំ ២០១៦ ៕