រដ្ឋធានីហែលស៊ីនគី (Helsinki)៖ ក្រោយពេលក្រុងមូស្គូបានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈរួចមក ហ្វាំងឡង់ដ៍កំពុងតែមានការព្រួយបារម្ភខ្លាំង អំពីសុត្ថិភាព និង សន្ដិសុខរបស់ប្រទេសខ្លួន ហើយត្រៀមសាងសង់ជញ្ជាំងព្រំដែនជាមួយនឹងរុស្ស៊ី ទប់ទល់នឹងការឈ្លានពានជាយថាហេតុ។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែមិថុនា ថា រដ្ឋាភិបាលហ្វាំងឡង់ដ៍ គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ព្រំដែន ដើម្បីអនុញ្ញាតឲ្យមានការសាងសង់ជញ្ជាំងព្រំដែន នាភាគខាងកើត ប្រទេស ជាប់ជាមួយរុស្ស៉ី។ ផែនការរបស់ក្រុងហែលស៊ីនគី មានគោលបំណង ត្រៀមខ្លួនជាមុន ទប់ទល់ប្រឆាំងនឹងការគំរាមកំហែងណាមួយ ពីរុស្ស៊ី ខណៈមូស្គូកំពុងតែបន្ដធ្វើសង្រ្គាម នៅលើទឹកដីរបស់អ៊ុយក្រែន។

ប្រទេសហ្វាំងឡង់ដ៍ ធ្លាប់តែប្រកាន់គោលនយោបាយអព្យាក្រឹត អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកហើយ។ ប៉ុន្ដែក្រោយពេល ក្រុងមូស្គូបានលើកកងទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែនមក ធ្វើឲ្យហ្វាំងឡង់ដ៍ កាន់តែភ័យខ្លាច អំពីសន្ដិសុខជាតិ ហើយបច្ចុប្បន្នកំពុងតែស្នើសុំជាសមាជិកភាព នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO (តាមភាសាអង់គ្លេស ឬ OTAN តាមភាសាបារាំង)។
ប្រទេសនៅតំបន់អឺរ៉ុបខាងជើងមួយនេះ ធ្លាប់មានមានប្រវត្តិ ធ្វើសង្រ្គាមជាមួយរុស្ស៊ី ទោះបីជាបច្ចុប្បន្នតំបន់ព្រំដែនគ្របដណ្តប់ដោយព្រៃឈើ រវាងប្រទេសទាំងពីរ ត្រូវបានសម្គាល់ដោយសញ្ញា និង ខ្សែប្លាស្ទិក នៅលើព្រំដែនជាប់គ្នាជាមួយនឹងរុស្ស៊ី ចម្ងាយ១ ៣០០គីឡូម៉ែត្រក្ដី។

គម្រោងធ្វើវិសោធនកម្មច្បាប់របស់ហ្វាំងឡង់ដ៍ រួមទាំងសំណើដើម្បីប្រមូលផ្តុំនូវការទទួលពាក្យសុំសិទ្ធិជ្រកកោន នៅឯច្រកចូលពិសេស ខណៈក្រោមច្បាប់របស់សហភាពអឺរ៉ុប ដែលមានស្រាប់ គឺជនចំណាកស្រុកមានសិទ្ធិស្នើសុំសិទ្ធិជ្រកកោន នៅនឹងកន្លែងណាមួយ ដែលបានកំណត់ទៅកាន់ប្រទេស ជាសមាជិករបស់ខ្លួន។

លោកស្រី គ្រីសស្តា មីកកូនិន (Krista Mikkonen) រដ្ឋមន្រ្តីមហាផ្ទៃហ្វាំងឡង់ដ៍ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «រដ្ឋាភិបាលនឹងសម្រេចចិត្ត លើការសាងសង់របាំងខណ្ឌ ចែកព្រំដែន នៅក្នុងតំបន់សំខាន់ៗ នាភាគខាងកើត ប្រទេស ដោយផ្អែកតាមការវាយតម្លៃរបស់ឆ្មាំ ព្រំដែនហ្វាំងឡង់ដ៍»៕