ប្រទេសកូរ៉េខាងត្បូង៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ប្រទេសកូរ៉េខាងត្បូងបានធ្វើការចាប់ខ្លួនបុរសម្នាក់ដែលបានដុតអគារមួយកន្លែង រហូតបណ្ដាលឱ្យក្លាយជា អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ និងមានអ្នករងរបួសផ្សេងទៀតផងដែរ។ នេះបើយោងកាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ហេតុកាណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅក្នុងអគារការិយាល័យមេធាវីដែលមានកម្ពស់ ៧ជាន់ក្នុងទីក្រុង Daegu ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ដោយនៅក្នុងហេតុការណ៍មួយនេះអជ្ញាធរក្នុងទីក្រុង Daegu បាននិយាយថានៅម៉ោងប្រហែល ១០ និង ៥៥នាទីព្រឹក (ម៉ោងក្នុងស្រុក) មានការផ្ទុះយ៉ាងខ្លាំង និងភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងអគារទាំងមូល ហើយតំបន់ក្បែរនោះត្រូវបានគ្របដណ្តប់ដោយផ្សែងយ៉ាងក្រាស់។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងអាជ្ញាធរបានបញ្ជូនក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ១៥០នាក់ រួមជាមួយរថយន្តពន្លត់អគ្គីភ័យជិត ៦០គ្រឿង ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់អណ្តាតភ្លើង និងជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងអគារ។

ក្រោមការជួយពន្លត់យ៉ាងដុតជើងដុតដៃ ២០នាទីក្រោយពួកគេអាចគ្រប់គ្រងភ្លើងបាន និងបានរកឃើញមនុស្សយ៉ាងតិច ៧ នាក់បានស្លាប់ និង ៤៦ នាក់ផ្សេងទៀតបានរងរបួស ព្រមទាំងជម្លៀសមនុស្សទាំងអស់នោះដោយសុវត្ថិភាព។ ជាមួយគ្នានោះផងដែរ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនបុរសវ័យ ៥០ឆ្នាំម្នាក់ដែលសង្ស័យថាជាអ្នកដុតបំផ្លាញអគារមួយខ្នងនេះ ដើម្បីបញ្ជូនទៅសាកសួរពីមូលហេតុ និងរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ ប្រភព៖ Khaosod