ប្រទេសចិន៖ នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ២ និង ០០នាទី មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានការធ្លាក់យន្តហោះកណ្ដាលក្រុងបណ្ដាលឱ្យផ្ទុះ ឆាបឆេះផ្ទះសម្បែងប្រជាជនជាច្រើន។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ក្នុងហេតុការណ៍នេះផងដែរត្រូវបានគេឱ្យដឹងថា វាជាឧបទ្ទវហេតុដែលបណ្ដាលមកពីការធ្លាក់យន្តហោះចម្បាំង J-៧ របស់កងទ័ពអាកាស PLA បានធ្លាក់នៅក្បែរទីតាំងព្រលានយន្តហោះ Laohekou នៃទីក្រុង Xiangyang ខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិន អំឡុងពេលហ្វឹកហាត់ ដែលនាំឱ្យខូចខាតដល់អគារ និងលំនៅដ្ឋាននៅក្នុងតំបន់នោះ ។ ក្នុងនោះគេសង្កេតឃើញថាមានផ្សែងហុយចេញពីកន្លែងដែលបានធ្លាក់ ខណៈអគារលំនៅដ្ឋានមួយចំនួនត្រូវបានក្លាយទៅជាកម្ទេចថ្ម។

ក្រោយពីហេតុការណ៍នេះបានកើតឡើងនាយកដ្ឋានសង្គ្រោះបន្ទាន់ក្នុងតំបន់ក៏បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាមៗនៅពេលដែលពួកគេបានទទួលការហៅទូរស័ព្ទរាយការណ៍ពីប្រជាជននៅក្បែរតំបន់នោះ បន្ថែមពីនេះអាជ្ញាធរបានបង្ហើបថា មានជនស៊ីវិលចំនួនពីរនាក់បានរងរបួស និងមានអ្នកស្លាប់ម្នាក់ ហើយអ្នកបើកបរយន្តហោះបានធ្លាក់ចេញពីយន្តហោះដោយសុវត្ថិភាពក្រោយពីការលោតឆ័ត្រយោង។ ប៉ុន្តែអ្នកបើកយន្តហោះបានរងរបួស និងអ្នករងគ្រោះនៅលើដីក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់។

យ៉ាងមិញមូលហេតុនៃឧបទ្ទវហេតុធ្លាក់យន្តហោះ ក៏ដូចជាការរងរបួស ព្រមទាំងការខូចខាតកំពុងស្ថិតក្រោមការស៊ើបអង្កេតពីអាជ្ញាធរដើម្បីស្វែងរកការពិតបន្ថែម៕ ប្រភព៖ Kapook